បន្ទាយមានជ័យ៖មណ្ឌលសុខភាពគំរូ ស្ថិតក្នុងស្រុកថ្មពួក និង មណ្ឌលសុខភាពគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅ ព្រឹក ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៥នេះ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុ រាត្រី អភិបាលបន្ទាយមានជ័យ លោក កែវ តារា រស្មី អភិបាលស្រុកអូរជ្រៅ លោក អែម សុខា អភិបាលស្រុកថ្មពួក ប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធ បុគ្គលិកសុខាភិបាល មេឃុំ ក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ និងសិស្សានុសិស្ស ប្រជាពលរដ្ឋប្រហែល ៣០០នាក់។ មណ្ឌលសុខភាពទាំង២ខ្នងនេះ មានទំហំខ្នាត (១៥មx១៣មx២ជាន់) ដូចគ្នា ដែលចំណាយថវិកាអស់សរុបចំនួនទឹកប្រាក់អស់ ១.៨១៥.០០០.០០០រៀល ស្មើនឹងប្រមានជាង ៤៥ ម៉ឺនដុល្លា ដែលបានបញ្ចប់ការងារសាងសង់ទាំងស្រុងកាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៤ ហើយត្រូវដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ។

លោក កែវ តារា រស្មី បានមានប្រសាសន៍ថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីនយោបាយជា អាទិភាពគន្លឹះ ពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅកាន់ការគ្របដណ្ដប់ ជាសកល របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយ ឈ្លាសវៃនិងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងទៅនេះ ដូចមានទិសស្លោកថា “មានសន្តិភាពគឺមានការអភិវឌ្ឍ និងមានអ្វីៗដូចថ្ងៃនេះ និងតទៅអនាគត ” កត្តានេះហើយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងជាកាលានុវត្តភាពយ៉ាងធំធេងសម្រាប់ការ អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ក្នុងនោះ វិស័យសុខាភិបាលក៏មានការ រីកចម្រើនគួរឲ្យកកត់សម្គាល់ទាំងបរិមាណ និងគុណភាពផងដែរ។

លោក អ៊ុ រាត្រី បានធ្វើការដាស់តឿនដល់ ប្រធានមណ្ឌលសុខភាព ពេលទទួល បាននូវសមិទ្ធផលថ្មីនេះ ត្រូវយកចិត្តទុកដាក់ថែទាំអគារ និងថែរក្សាទ្រព្យសម្បត្តិទាំងអស់ ឱឲ្យបានគង់វង្សយូរអង្វែង និង ប្រាស់ឲ្យអស់លទ្ធភាព ក្នុងការបម្រើសុខភាពជូនប្រជាជនឲ្យកាន់តែល្អប្រសើរ និងយកចិត្តទុកដាក់លើការងារសំខាន់ចាំបាច់នានាដូចជា ការរៀបចំសួនច្បារ សោភ័ណភាព អនាម័យល្អ បរិស្ថានស្អាតការដាំដើមឈើឲ្យមាមានពណ៌បៃតងជានិច្ច តាមរយៈការសហការនិងកៀរគរឲ្យមាមានការចូលរួមពីសំណាក់ព្រះសង្ឃ សាលា សិស្សានុសិស្ស អង្គការដៃគូ សប្បុរជន អាជីវករ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលនេះគឺជាគំរូដ៏ល្អសម្រាប់ការងារ សង្គមទាំងមូល។
មន្ត្រីសុខាភិបាលទាំងអស់ យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេស នៅមណ្ឌល សុខភាព រក្សាឲ្យមាននូវក្រម សីលធម៌វិជ្ជាជីវៈ សីលធម៌ សុជីវធម៌ ជាមួយនឹងអ្នកជំងឺទូទៅ ពិសេសអ្នកជំងឺក្រីក្រ ដោយមិនត្រូវគិតពីរបាំងហិរញ្ញវត្ថុឡើយ៕







