ប៉ាគីស្ថាន អះអាងថា ឥណ្ឌា​ អាចនឹង​លេងមែនទែន នៅប៉ុន្មានម៉ោងខាងមុខនេះ

ប៉ាគីស្ថានបានចោទប្រកាន់ថា ឥណ្ឌាកំពុងរៀបចំផែនការវាយប្រហារយោធាលើទឹកដីរបស់ខ្លួន ដែលជាសញ្ញានៃការកើនឡើងបន្ថែមទៀតនៅក្នុងភាពតានតឹងរវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Attaullah Tarar បានសរសេរនៅលើ X នៅល្ងាចថ្ងៃអង្គារថា ប៉ាគីស្ថានមានព័ត៌មានសម្ងាត់គួរឱ្យទុកចិត្ត ដែលឥណ្ឌាមានបំណងធ្វើការវាយប្រហារយោធាក្នុងរយៈពេល ១៣ទៅ ៣៦ ម៉ោងបន្ទាប់ ដោយប្រើឧប្បត្តិហេតុ Pahalgam ជាលេសមិនពិត។

លោកបានបន្ថែមថា ទង្វើនៃការឈ្លានពានណាមួយនឹងត្រូវបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ ឥណ្ឌានឹងទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកធ្ងន់ធ្ងរណាមួយនៅក្នុងតំបន់។

ការកើនឡើងនេះកើតឡើងចំពេលមានការចោទប្រកាន់ពីទីក្រុង New Delhi ថាទីក្រុង Islamabad កំពុងគាំទ្រអំពើភេរវកម្មនៅក្នុងទឹកដីសហព័ន្ធ Jammu និង Kashmir របស់ប្រទេសឥណ្ឌា។ ប៉ុន្តែប៉ាគីស្ថាន​បាន​បដិសេធ​ការ​អះអាង​នេះ ហើយ​​បាន​ចោទ​ឥណ្ឌា​ពី​ការ​គាំទ្រ “បណ្តាញ​ភេរវជន” ដែល​ប្រតិបត្តិការ​លើ​ដី​ប៉ាគីស្ថានផងដែរ។

 ប្រទេសទាំងពីរមានវិវាទជាយូរយារណាស់មកហើយជុំវិញតំបន់ Kashmir ដែលត្រូវបានបែងចែកដោយបន្ទាត់នៃការគ្រប់គ្រងដែលបានបង្កើតឡើងបន្ទាប់ពីសង្គ្រាមឥណ្ឌូប៉ាគីស្ថានឆ្នាំ ១៩៧១ ។

គួររំលឹកថា កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៥ ភេរវករបានសម្លាប់មនុស្ស ២៦ នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរឥណ្ឌា នៅ Pahalgam ដែលមានទីតាំងនៅភាគខាងជើងនៃ Jammu និង Kashmir ។  រណសិរ្ស Resistance ដែល​គេ​ជឿ​ថា​ជា​ពន្លក​របស់​ក្រុម​ជីហាត​មាន​មូលដ្ឋាន​នៅ​ប៉ាគីស្ថាន Lashkar-e-Taiba បាន​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ។

នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានប្តេជ្ញាថា នឹងដាក់ទណ្ឌកម្ម “ភេរវករ និងអ្នកគាំទ្ររបស់ពួកគេ”។ យោងតាមទីភ្នាក់ងារ ​​NDTV លោកបានផ្តល់អំណាចឱ្យកងទ័ព មានសេរីភាពពេញលេញ ដើម្បីកំណត់ការឆ្លើយតបចំពោះការវាយប្រហារនេះ។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍កាលពីថ្ងៃអង្គារថាប្រតិបត្តិការប្រឆាំងភេរវកម្មចំនួនបួនកំពុងដំណើរការនៅក្នុង Jammu និង Kashmir ។

នៅក្នុងបទសម្ភាសន៍ជាមួយ Al Jazeera រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថានលោក Khawaja Asif បានលើកឡើងថា ការវាយប្រហារ Pahalgam គឺជា“ប្រតិបត្តិការទង់ក្លែងក្លាយ”។ ជាការឆ្លើយតប បេសកជនរងរបស់ឥណ្ឌាប្រចាំអង្គការសហប្រជាជាតិលោកស្រី Yojna Patel បានថ្កោលទោសប៉ាគីស្ថានចំពោះការធ្វើអ្វីដែលលោកស្រីហៅថា “ការចោទប្រកាន់គ្មានមូលដ្ឋានប្រឆាំងនឹងឥណ្ឌា”៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment