​កម្ពុជា-ថៃ សម្រេចបានសេចក្តីថ្លែងការណ៍រួមលើកិច្ចប្រជុំពិសេស JBC ស្តីពីបញ្ហាព្រំដែនប្រទេសទាំងពីរ

(ភ្នំពេញ)៖ សេចក្តីប្រកាសព័ត៌មានរួម កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ។

សេចក្តីថ្លែងការណ៍រួមនេះ ត្រូវបានចុះហត្ថលេខាដោយលោក ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន​កិច្ច​ការ​ព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ និងលោក Prasas Prasasvinitchai ទី​ប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា។

សេចក្ដីប្រកាសព័ត៌មានរួម មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ

ខេត្តចន្ទបុរី, ព្រះរាជាណាចក្រថៃ, ថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥

១. កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ បានធ្វើឡើងនៅខេត្តចន្ទបុរី នៅថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ (ភាគីកម្ពុជា)។ គណៈប្រតិភូថៃដឹកនាំដោយឯកឧត្តម

Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ-កម្ពុជា (ភាគីថៃ)។

២. កិច្ចប្រជុំបានធ្វើឡើងក្នុងបរិយាកាសមិត្តភាព និងស្និទ្ធស្នាល។

៣. ភាគីទាំងពីរបានឯកភាពប្រគល់ភារកិច្ចជូនអនុគណៈកម្មការបច្ចកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ដើម្បីសាងសង់ឡើងវិញនូវ បង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដែលភាគីទាំងពីរបានឯកភាពគា្នលើទីតាំងដើម។

៤. ភាគីទាំងពីរបានឯកភាពសាងសង់ឡើងវិញនូវបង្គោលព្រំដែនលិចទឹកចំនួន ៣ នៅទីតាំងដែលភាគីទាំងពីរនឹងឯកភាពគ្នា។

៥. ភាគីទាំងពីរបានឯកភាពពន្លឿនការកែសម្រួលបែបបទបច្ចេកទេស (TOR) ឆ្នាំ២០០៣ ទាក់ទងនឹងការផលិតផែនទីអ័រតូក្យូតូ (ចំណុចទី ៤ ជំហានទី ២ នៃ TOR ឆ្នាំ ២០០៣) ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ដូចជា LiDAR (Light Detection and Ranging) ដើម្បីពន្លឿនការងារវាស់វែង និងខណ្ឌសីមាព្រំដែន។

៦. ពាក់ព័ន្ធនឹងករណីការចុះវាស់វែង និងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្តែងក្នុងកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 នៅក្នុងតំបន់ភូមិជោគជ័យ-ណងចាន់ និងតំបន់ភូមិព្រៃចាន់-ណងយ៉ាកែវ៖

ក. ភាគីទាំងពីរបានឯកភាពពិនិត្យកែសម្រួលបញ្ចប់បែបបទណែនាំបច្ចេកទេស (TI) សម្រាប់ការវាស់វែងរួមគ្នា និងបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនអាទិភាពនៅចន្លោះបង្គោលលេខ 42-47។

ខ. បន្ទាប់ពីបញ្ចប់ការវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ន ព្រមទាំងទទួលបានការយល់ព្រមពីរដ្ឋាភិបាលរៀងខ្លួន ភាគីទាំងពីរនឹងស្នើសុំយោបល់ពីរដ្ឋាភិបាលរៀងៗខ្លួន ដើម្បីពិនិត្យសម្រេចលើការបង្កើតយន្តការសមស្របណាមួយ សម្រាប់ធ្វើការកែសម្រួលការកាន់កាប់និងអាស្រ័យផលរបស់ភាគីទាំងពីរ។

គ. ការបោះបង្គោលបណ្តោះអាសន្ន គឺធ្វើឡើងក្នុងគោលបំណងបម្រើឱ្យការវាស់វែងប៉ុណ្ណោះ ដោយមិនត្រូវប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ។

ឃ. ភាគីទាំងពីរបានឯកភាពសម្របសម្រួលណែនាំដល់អាជ្ញាធរមូលដ្ឋាន រួមទាំងកងកម្លាំងយោធា និងជនស៊ីវិល ដើម្បីចូលរួមធានាសុវត្ថិភាព និងមិនរារាំងដល់ក្រុមវាស់វែងចម្រុះ ព្រមទាំងត្រូវចៀសវាងរាល់សកម្មភាពបង្កហេតុ ដែលអាចបង្កើតភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់នេះ ហើយត្រូវធានាសុវត្ថិភាពពីគ្រាប់មីន ដោយអនុលោមតាមមាត្រា ៣ នៃ MOU ឆ្នាំ ២០០០។

៧. ភាគីទាំងពីរបានឯកភាពថា កិច្ចប្រជុំបន្ទាប់របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងប្រព្រឹត្តទៅនៅសប្ដាហ៍ទីមួយនៃខែមករា ឆ្នាំ ២០២៦ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា៕

Written by 

Related posts

Leave a Comment