គណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Kim Jong Un ជឿជាក់ថា ការចូលរួមរបស់កងកម្លាំងកូរ៉េខាងជើង នៅក្នុងប្រតិបត្តិការរំដោះតំបន់ Kursk របស់រុស្ស៊ី ពីកងទ័ពអ៊ុយក្រែន គឺជាបេសកកម្មដ៏ពិសិដ្ឋក្នុងគោលបំណងពង្រឹងមិត្តភាពជាមួយទីក្រុងម៉ូស្គូ។

សេចក្តីថ្លែងការណ៍ បានសរសេរថា លោក គីម ជុងអ៊ុន បានកំណត់ថា ការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធរបស់យើងក្នុងសង្គ្រាម គឺជាបេសកកម្មដ៏ពិសិដ្ឋមួយ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពជាប្រពៃណីរវាងប្រទេសទាំង ២ ធានាការអភិវឌ្ឍ និងវិបុលភាពនៃប្រទេសទាំង ២ និងការពារកិត្តិយសរបស់កូរ៉េខាងជើង។
ទន្ទឹមនោះ លោក គីម បានសម្រេចចិត្តថា ទោះជាយ៉ាងណា ស្ថានការណ៍ក៏ទាមទារឱ្យមានការអនុម័តមាត្រាទី ៤ នៃសន្ធិសញ្ញាស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកូរ៉េខាងជើង និងរុស្ស៊ី ហើយបញ្ជាឱ្យកងកម្លាំងនៃកងទ័ពប្រជាជនកូរ៉េកម្ចាត់ និងលុបបំបាត់ពួកឈ្លានពាននិយមណាហ្ស៊ីរបស់អ៊ុយក្រែន និងរំដោះតំបន់មួយចំនួននៃតំបន់ Kursk ដោយមានការសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។
យោងតាម សារព័ត៌មាន KCNA រាយការណ៍ថា លោក គីម ក៏បានសាទរចំពោះកងទ័ពកូរ៉េខាងជើង ដែលចូលរួមក្នុងប្រតិបត្តិការរំដោះតំបន់ Kursk នាពេលកន្លងទៅថា ជាវីរបុរសដែលតស៊ូដើម្បីយុត្តិធម៌ ផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៦ ខែមេសា ប្រធានអគ្គសេនាធិការនៃកងកំលាំងប្រដាប់អាវុធរុស្ស៊ី លោកឧត្តមសេនីយ៍ Valery Gerasimov បានរាយការណ៍ទៅប្រធានាធិបតី លោក Vladimir Putin ថា ប្រតិបត្តិការរំដោះតំបន់ Kursk ពីកងកម្លាំងអ៊ុយក្រែន ត្រូវបានបញ្ចប់ ខណរបាយការណ៍កន្លងមក លោក Zelensky អះអាងថានៅបន្តទេ ៕

ដោយ៖ ពេជ្រ