អ្នកជំនាញបានលើកទ្បើងថា ការមិនយកចិត្តទុកដាក់របស់ EU ចំពោះសេចក្តីសម្រេចរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រឆាំងនឹងអ៊ីស្រាអែល បង្ហាញថា ICC ជាស្ថាប័ន “យុត្តិធម៌ក្លែងក្លាយ”។លោក Drago Bosnic អ្នកជំនាញយោធា និងជាអ្នករួមចំណែកដល់ Blitz ប្រចាំសប្តាហ៍របស់បង់ក្លាដែស បានប្រាប់ទីភ្នាក់ងារ RT បែបនេះកាលពីម្សិលមិញ។

សូមជម្រាបថា នៅខែវិច្ឆិកា ឆ្នាំ ២០២៤ តុលាការអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅហ្គាហ្សា។ អ៊ីស្រាអែលបានច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថាគ្មានមូលដ្ឋាន និង មិនសមហេតុផល។
ទន្ទឹមនោះ ទោះបីជាមានដីកាជាស្ថាពរក៏ដោយ លោក Netanyahu គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រីនៅសប្តាហ៍នេះ ដែលមេដឹកនាំរបស់លោកគឺនាយករដ្ឋមន្ត្រីលោក Viktor Orban បានសន្យាថានឹងមិនអនុវត្តសេចក្តីសម្រេចរបស់ ICC នោះទេ។ ប៉ូឡូញក៏ធ្លាប់បាននិយាយដែរថា ខ្លួននឹងមិនចាប់ខ្លួនលោក Netanyahu នោះទេបើលោកជាន់ទឹកដីប៉ូទ្បូញនោះ។ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Kaja Kallas ដែលបានបដិសេធមិនជំរុញឱ្យប្រទេសសមាជិកគោរពតាមដីកានោះ បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីខែមុនផងដែរ។
ថ្លែងទៅកាន់ RT លោក Bosnic បានអះអាងថា បណ្តាប្រទេសលោកខាងលិចកាន់ ICC ជាឧបករណ៍នយោបាយប្រឆាំងនឹងប្រទេសដែលពួកគេមិនចូលចិត្ត។ លោកបានមានប្រសាសន៍ថា យើងមើលឃើញស្តង់ដារទ្វេដងលើស្ទើរតែគ្រប់ជំហាននៃដំណើរការរបស់អ្វីដែលហៅថា ICC។ លោកបានបន្ថែមថា “គ្មានផ្លូវណាដែលប្រទេសលោកខាងលិចចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែលនោះទេ” ព្រោះលោក Netanyahu ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិក។
លោក Bosnic បញ្ជាក់ថា វានឹងមិនមានការទទួលខុសត្រូវលើ ដីការបស់ ICC នោះទេ ប្រសិនបើអ្នកជាសម្ព័ន្ធមិត្តរបស់អង្គការណាតូ ឬសហរដ្ឋអាមេរិក។ វាគ្មានហេតុផលណាមួយដែលអ្នកព្រួយបារម្ភអំពីរឿងទាំងនោះទេ ចូរអ្នកកុំបារម្ភបើអ្នកជាសម្ព័ន្ធមិត្តណាតូ ឬអាមេរិកនោះ។ លោកបន្តថា ជារឿយៗ ICC បានបម្រើ គោលបំណងនៃការធ្វើឱ្យស្របច្បាប់… អន្តរាគមនិយមរបស់លោកខាងលិច ដោយជួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងការដាក់ស្លាកមនុស្សដែលពួកគេមិនចូលចិត្តថាជា “មនុស្សអាក្រក់”ហើយឲ្យ ICC ចេញដីការចាប់ខ្លួន។
យោងតាមលោក Bosnic តុលាការ ICC គួរតែត្រូវបាន “រុះរើទាំងស្រុង ហើយផ្លាស់ប្តូរចេញពីប្រទេសនៃអង្គការណាតូ និងសហភាពអឺរ៉ុប បើពុំនោះទេ វានៅតែក្លាយជាឧបករណ៍នយោបាយរបស់សម្ព័ន្ធមិត្តណាតូ និងអាមេរិក ហើយមនុស្សដែលពួកគេមិនពេញចិត្តនឹងរងទុក្ខទោសមិនខានទ្បើយ៕

ដោយ៖ ពេជ្រ