សំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ ខណ:រថយន្តបើកធ្លាក់ចូលក្នុងទឹកបឹងកន្សែង

ខេត្តរតនគិរី÷ រថយន្តបាឡែនមួយគ្រឿងបានរ៉េចង្កូតធ្លាក់ផ្លូវចូលក្នុងទឹកបឹងកន្សែង បណ្តាលឲ្យលិចចូលក្នុងទឹក ប៉ុន្តែត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះចុះជួយសង្គ្រោះទាន់ពេល។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋបានកើតឡើង នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវកោងមាត់បឹងកន្សែង ស្ថិតក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង។

តាមប្រភពពីកន្លែងកើតហេតុ បានបញ្ជាក់ថា មុនពេលកើតហេតុ គេបានឃើញរថយន្តបាឡែនបើកបរក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន បានមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានរ៉េចង្កូតទៅបុកនិងកូនឈើមួយដើមដែលគេដាំនៅមាត់បឹងកន្សែងដើម្បីលម្អ ហើយបន្តទៅមុខទៀតធ្លាក់ចូលក្នុងទឹកបឹងតែម្តង។ខណ:ពេលនោះដែរប្រជាពលរដ្ឋបានឃើញក៏នាំគ្នាមកជួយ ដើម្បីយកមនុស្សចេញពីក្នុងរថយន្ត ប៉ុន្តែរថយន្តបានបិតកញ្ចក់ជិត ប្រជាពលរដ្ឋបានវ៉ៃកញ្ចក់រថយន្តផ្នែកខាងក្រោយយកមនុស្សចេញទាន់ពេល មិនមានគ្រោះថ្នាក់ដល់ជីវិតអ្វីនោះទេ។

នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកន្សែង បានឲ្យដឹងនៅរសៀលថ្ងៃទី២៧មេសាថា ក្នុងនោះមានជនរងគ្រោះ២នាក់ ១.ឈ្មោះ សេង ណាយ អាយុប្រហែល៤០ឆ្នាំ(ជាឪពុក)និងកូនប្រុសម្នាក់ទៀតមិនទាន់ស្គាល់អត្ដសញ្ញាណ ត្រូវបានប្រជាពលរដ្ឋដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីព្យាបាល។ រថយន្តមួយគ្រឿងខាងលើនេះ ម៉ាកបាឡែន ពណ៌.ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-7539។

ក្រោយពេលកើតហេតុ រថយន្តត្រូវបានក្រុមគ្រួសារជនរងគ្រោះយករថយន្តមកស្ទូចយកចេញពីក្នុងទឹកបឹង ដឹកយកទៅការ៉ាស់ដើម្បីធ្វើការជួសជុលដោយខ្លួនឯង៕

Written by 

Related posts

Leave a Comment