សម្តេចតេជោ ហ៊ុន សែន៖ សង្ខារមិនទៀងតែការស្លាប់គឺទៀង

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដោយបញ្ជាក់ថា “បងប្រុសខ្ញុំបានលាចាកលោកនេះទៅហើយ បើទោះមិនចង់ទទួលក៏ត្រូវតែទទួលយកការពិតនេះដែរ”។ សម្តេចបន្តថា “បើទោះបីខ្ញុំជាប្អូនតែខ្ញុំជាមេគ្រួសារមួយនេះ។ ខ្ញុំ និងភរិយារួមជាមួយកូនៗនិងបងប្អូនបានខិតខំអស់លទ្ធភាពដើម្បីព្យាបាលបងទីមួយ”។

សម្តេចតេជោបន្ថែមថា “ពេលបងទី២ទទួលមរណភាពពេលនោះ យើងមិនហ៊ានផ្តល់ដំណឹងជូនបងទី១ទេ ព្រោះគាត់កំពុងទទួលការព្យាបាល ដោយការវះកាត់នៅមន្ទីរពេទ្យនាទីក្រុងបាងកក។ យើងព្យាយាមលាក់បាំងជាមួយគាត់រហូត គាត់ដឹងដោយខ្លួនឯង ដែលគាត់យំផងនិយាយផងថា(ប្អូនអញស្លាប់ទាំងមូលមិនឲ្យអញដឹង)”។

សម្តេចបញ្ជាក់បន្ថែមថា “១២ឆ្នាំមុន(២០១៣) ភរិយារបស់គាត់បានទទួលមរណភាពក្នុងពេលដែលឪពុកបង្កើតរបស់ខ្ញុំក៏មិនបានដឹង រហូតដល់គាត់ទទួលមរណភាពព្រោះពេលនោះឪពុករបស់ខ្ញុំក៏កំពុងឈឺធ្ងន់ផងដែរ។ លើកនេះពេលបងទី១ទទួលមរណភាពភរិយារបស់ខ្ញុំដែលជាប្អូនថ្លៃបានដឹង តែមិនអាចមកទាន់ដង្ហើមចុងក្រោយបងទី១បានដែរ”។

សម្តេចក៏បានលើកទ្បើងផងដែរថា “បងប្រុសម្នាក់នេះបានលះបង់ច្រើនណាស់សម្រាប់ប្អូនៗ គឺសុខចិត្តបោះបង់ចោលការសិក្សានៅអនុវិទ្យាល័យនាសម័យនោះមកជួយពុកម៉ែធ្វើស្រែចំការដើម្បីផ្តល់ឱកាសឲ្យប្អូនៗ ពិសេសរូបខ្ញុំទទួលបានការសិក្សានៅភ្នំពេញ។បំណងធំរបស់បងទី១ គឺធ្វើ ថីផែនទីដែលពេលនេះហៅថា(មន្ត្រីសុរិយោដី)”។“ កើត ចាស់ ឈឺ ស្លាប់ គឺជាក្រឹត្យក្រមធម្មជាតិដែលមិនអាចចៀសវាងបាន” នេះជាសារចុងក្រោយរបស់សម្តេចតេជោ៕

Written by 

Related posts

Leave a Comment