ប្រមុខ​យោធា​ស៊ូដង់​ ប្រកាស​រំដោះទីក្រុង Khartoum បានទាំងស្រុង

មេដឹកនាំយោធានៃប្រទេសស៊ូដង់ តាមសេចក្តីរាយការណ៍បានប្រកាសថា រដ្ឋធានី Khartoum របស់ប្រទេសនេះ លែងមានកងកម្លាំងគាំទ្រសកម្ម ឬ RSF ទៀតហើយ។ ប៉ុន្តែ​ជម្លោះ​នៅ​តែ​មិន​មាន​ទី​បញ្ចប់នៅទ្បើយ។

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនបានឲ្យដឹងថា ប្រធានកងកម្លាំងប្រដាប់អាវុធស៊ូដង់ ឬ SAF ឧត្តមសេនីយ៍ Abdel Fattah al-Burhan បានប្រកាសកាលពីថ្ងៃពុធថា “Khartoum មានសេរីភាពហើយ”។

 គួររំលឹកថា ភាគច្រើននៃទីក្រុង Khartoum បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ RSF ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងភាគីទាំងពីរក្នុងខែមេសា ឆ្នាំ ២០២៣។ ប៉ុន្តែ SAF បានដណ្តើមយកវិមានប្រធានាធិបតី និងស្ថាប័នសំខាន់ៗផ្សេងទៀតនៅកណ្តាលទីក្រុង Khartoum កាលពីសប្តាហ៍មុន។ យ៉ាងណាក៏ដោយ RSFបាននិយាយកាលពីថ្ងៃពុធថាខ្លួនបានយកមកវិញនូវមូលដ្ឋានរឹងមាំចុងក្រោយរបស់ RSF នៅ Khartoum ។

 ប៉ុន្តែ​មិនមាន​ការរំពឹងទុក​សម្រាប់​ការប្រយុទ្ធ​នឹង​បញ្ចប់​នៅពេល​ណាមួយ​ក្នុងពេល​ឆាប់ៗ​នោះទេ ដោយ RSF នៅតែ​កាន់កាប់​តំបន់ Darfur ភាគខាងលិច​ប្រទេស​ស៊ូដង់​ភាគច្រើននៅទ្បើយ។

អង្គការមិនមែនរដ្ឋាភិបាលមួយ ដែលប្រមូលទិន្នន័យអំពីតំបន់ជម្លោះជុំវិញពិភពលោក និយាយថា ខ្លួនបានកត់ត្រាអ្នកស្លាប់ច្រើនជាង ២៨,៧០០ នាក់ នៅក្នុងជម្លោះនៅចុងខែវិច្ឆិកា ឆ្នាំ ២០២៤។ អង្គការសហប្រជាជាតិបាននិយាយថា គិតត្រឹមថ្ងៃទី ២៤ ខែមីនា មនុស្សជាង ១២ លាននាក់ត្រូវបានជម្លៀសដោយបង្ខំដោយការប្រយុទ្ធគ្នា។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បាននិយាយកាលពីថ្ងៃពុធថា ជនស៊ីវិលនៅតែបន្តត្រូវបានសម្លាប់ដោយមិនរើសអើង ពិការ និងធ្វើបាបជារៀងរាល់ថ្ងៃ។  លោកបានជំរុញឱ្យ SAF និង RSF ចាត់វិធានការទាំងអស់ ដូចដែលបានទាមទារដោយច្បាប់ ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment