ប្រធានាធិបតីបារាំងបានឲ្យដឹងថា ប្រទេសរបស់លោក និងអង់គ្លេសនឹងបញ្ជូនក្រុមជំនាញរួមគ្នាមួយទៅកាន់ប្រទេសអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីរៀបចំផែនការសម្រាប់ការដាក់ពង្រាយកងទ័ពដែលត្រូវបានស្នើឡើងដើម្បីជួយធានាបទឈប់បាញ់ដែលអាចកើតមាននៅក្នុងប្រទេស។

លោក Emmanuel Macron បានឲ្យដឹងបែបនេះ នៅក្នុងការថ្លែងរបស់លោកទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក៏ដូចជាមេដឹកនាំនៃប្រទេសជិត 30 អង្គការណាតូ និងសហភាពអឺរ៉ុបបានជួបប្រជុំគ្នានៅទីក្រុងប៉ារីសកាលពីព្រឹកមិញ។
លោក Macron បាននិយាយថា អ្នកចូលរួមបានយល់ស្របជាឯកច្ឆ័ន្ទថា ពេលវេលាមិនត្រឹមត្រូវឬមិនទាន់ដល់នោះទេក្នុងការដកទណ្ឌកម្មលើរុស្ស៊ី។
ការកត់សម្គាល់នេះធ្វើឡើងខណៈដែលរុស្ស៊ីនិយាយថាទណ្ឌកម្មមួយចំនួនត្រូវតែដកចេញសម្រាប់កិច្ចព្រមព្រៀងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកជុំវិញសុវត្ថិភាពនៅសមុទ្រខ្មៅដើម្បីចូលជាធរមាន។
សេតវិមានក៏បានឲ្យដឹងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានយល់ព្រមជាមួយរុស្ស៊ី និងអ៊ុយក្រែន ដើម្បីធានាសុវត្ថិភាពនាវាចរណ៍ និងលុបបំបាត់ការប្រើប្រាស់កម្លាំងនៅក្នុងសមុទ្រខ្មៅ។
លោក Zelenskyy បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចាដោយផ្ទាល់ទេ។ លោកបានបន្ថែមថា លោកមិនភ័យខ្លាចចំពោះទម្រង់នៃការចរចាទេ៕

ដោយ៖ ពេជ្រ