លោក Yahya Saree អ្នកនាំពាក្យយោធានៃចលនា បាននិយាយថា ក្រុមឧទ្ទាមហ៊ូធីមកពីចលនា Yemeni Ansar Allah បើកការវាយប្រហារដោយគ្រាប់មីស៊ីលលើអាកាសយានដ្ឋាន Ben Gurion និងទីតាំងយោធាអ៊ីស្រាអែល នៅក្នុងទីក្រុង Tel Aviv ។

លោក Saree បាននិយាយ នៅលើកញ្ចក់ទូរទស្សន៍ថា កងមីស៊ីលយេម៉ែន បើកការវាយប្រហារ អាកាសយានដ្ឋាន Ben Gurion ជាមួយនឹងមីស៊ីលផ្លោង Zulfikar ហើយបន្តវាយប្រហារទីតាំងយោធា នៅភាគខាងត្បូងនៃតំបន់កាន់កាប់ Jaffa ជាមួយនឹងមីស៊ីលផ្លោងលឿនជាងសំឡេង Palestine-2 ។
អ្នកនាំពាក្យរូបនេះ អះអាងថា គោលបំណងនៃប្រតិបត្តិការ ត្រូវបានសម្រេចដោយជោគជ័យ ផងដែរ។
ខណកាលពីព្រឹកថ្ងៃព្រហស្បតិ៍ កងទ័ពអ៊ីស្រាអែល បញ្ជាក់ពីការស្ទាក់ចាប់ចាប់គ្រាប់មីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែន ផងដែរ។ ស៊ីរ៉ែនប្រកាសអាសន្នការវាយប្រហារតាមអាកាស ត្រូវបានបន្លឺឡើង រួមទាំងនៅក្នុងក្រុង Tel Aviv ។
គួរបញ្ជាក់ថា បន្ទាប់ពីការកើនឡើងនៃជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប ចលនា Ansar Allah បានប្តេជ្ញាថានឹងបាញ់ផ្លោងលើអ៊ីស្រាអែល និងមិនអនុញ្ញាតឱ្យនាវាណាមួយដែលពាក់ព័ន្ធជាមួយវាឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb ។ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣ មក ក្រុមឧទ្ទាមហ៊ូទីយេម៉ែន បានវាយប្រហារជាប្រចាំលើនាវាចម្បាំង និងនាវាស៊ីវិលនៅសមុទ្រក្រហម ដោយពន្យល់ថា សកម្មភាពទាំងនេះគឺជាវិធីបង្ហាញសាមគ្គីភាពជាមួយប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប ៕

ដោយ៖ ពេជ្រ