ខេត្តរតនគិរី÷ លោកជំទាវ ឯក សុគន្ធវារី អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារអន្តរក្រសួង និងក្រុមការងារត្រួតពិនិត្យវាយតំលៃបច្ចេកទេសរបស់នាយកដ្ឋានផ្លូវជនបទលោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យនិងវាយតំលៃ លើការងារស្ថាបនាជួសជុលផ្លូវចំនួន០១ខ្សែ គម្រោងនៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី។

លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានបញ្ជាក់ថា ផ្លូវនេះស្ថិតក្នុងគម្រោងលេខ DRR-NC-2024-No.047 មានការងារជួសជុលផ្លូវក្រាលដីល្បាយគ្រួសចំនួន ០១ខ្សែ មានប្រវែង៩,០០០ម៉ែត្រ ទទឹង០៩ម៉ែត្រ កម្រាស់០,១២ម៉ែត្រ សាងសង់ទំនប់បង្ហៀរ០១កន្លែង ប្រវែង៦០ម៉ែត្រ ទទឹង០៧ម៉ែត្រ និងផ្លាកឈ្មោះផ្លូវចំនួន០២កន្លែង ស្ថិតនៅភូមិព្រួក និងភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រើប្រាស់ថវិកាជំពូក ២១។ ជាលទ្ឋផលក្រុមការងារអន្តរក្រសួងបានយល់ព្រមទទួលយក១០០%ហើយ។
លោក អៀម អឿន បានបញ្ជាក់ទៀតថា ផ្លូវលំជនបទខាងលើនេះ បច្ចុប្បន្ន បានជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះឲ្យមានភាពងាយស្រួល ក្នុងការធ្វើចរាចរណ៍ទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋមកកាន់ទីផ្សារ ជួយសម្រួលដល់សិស្សានុសិស្ស ធ្វើដំណើរទៅកាន់សាលារៀន សម្រួលដល់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកកំសាន្តរមណីយដ្ឋានទឹកធ្លាក់អូរស៊ិនលែរ៍ធម្មជាតិ និងដឹកអ្នកជំងឺមក កាន់មណ្ឌលសុខភាពបានទាន់ពេលវេលា។

បន្ទាប់ពីត្រួតពិនិត្យវាយតំលៃបច្ចេកទេស គម្រោងផ្លូវលំជនបទមានប្រវែង៩,០០០ម៉ែត្រខាងលើរួចមក លោកជំទាវ ឯក សុគន្ឋវារី អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារអន្តរក្រសួងនិងក្រុមការងារត្រួតពិនិត្យវាយតំលៃបច្ចេកទេសបានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាសំណង់សិល្បរ៍ការនិងជួសជុលផ្លូវប្រវែង៨,១០០ម៉ែត្រ ទទឹង០៩ម៉ែត្រ បន្តរហូតដល់សាលាបឋមសិក្សានិងវត្តសាយ៉ស់ (ហៅជំរុំបីស្រុក) ក្នុងឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី អនុវត្តដោយកងវិស្វកម្ម ក្រសួងការពារជាតិឆ្នាំ២០២៥ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានមានស្រុក,ឃុំ,ភូមិ និងប្រជាពលរដ្ឋផងដែរ។
នាឱកាសនោះដែរ គណៈប្រតិភូអន្តរក្រសួងក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឃុំសរុបប្រមាណ៩០នាក់ និងបានសំណូមពរឲ្យអាជ្ញាធរមូលដ្ឋានភូមិ,ឃុំ ដែលមាននាទីទទួលបន្ទុកថែទាំបន្តត្រូវណែនាំឲ្យប្រជាពលរដ្ឋចូលរួមក្នុងការថែទាំផ្លូវខាងលើនេះ ឲ្យបានល្អប្រសើរ ប្រកបដោយ គុណភាព ដើម្បីរក្សាគុណភាពផ្លូវឲ្យបានគង់វង្សយូរអង្វែង។
ជាមួយគ្នានេះដែរ គណៈប្រតិភូអន្តរក្រសួងក៏បានចែកជូនក្រម៉ាចំនួន៩០ក្រម៉ា ដល់ប្រជាពលរដ្ឋដែលបានចូលរួម ក្នុងម្នាក់ចំនួន០១ផងដែរ៕



