ខេត្តរតនគិរី÷ សិស្សសាលាម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា នៅវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្លូវចូលផ្ទះតាមុនី តាមបណ្តោយផ្លូវជាតិលេខ៧៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ(៨៥-៨៦)ស្ថិតក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកToyota Lang cruiser 570 ឆ្នាំផលិត2008 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2CE-9868 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ហើយអ្នកបើកបររថយន្តនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
រីឯម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី1E-3437 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅលិច បានបត់ ហើយបុកចំពីមុខរថយន្តយ៉ាងពេញទំហឹង អ្នកបើកបរម៉ូតូឈ្មោះ ឆែម គង្គារ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី មិនពាក់មួកសុវត្ថិភាព រងរបួសធ្ងន់សន្លប់ធំ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មណ្ឌលសុខភាពស្រុកកូនមុំ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ហើយម៉ូតូបានរងការខូចខាតទាំងស្រុង។

អ្នករួមដំណើរឈ្មោះ ខ្លោត ផល្លា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី មិនពាក់មួកសុវត្ថិភាព បានស្លាប់នៅនិងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនៃអធិការដ្ខាននគរបាលស្រុកកូនមុំ បានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងមករក្សាទុកនៅអធិការនគរបាលស្រុកកូនមុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់។ចំណែកសាកសពត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី។
បើទោះបីជាយ៉ាងណាក៏ដោយសមត្ថកិច្ចជំនាញត្រូវរកអ្នកបើកបររថយន្តដែលបង្កឲ្យមានមនុស្សស្លាប់និងរងរបួសមកទទួលខុសត្រូវចំពោះមុខច្បាប់ មិនមែនបុកហើយរត់គេចខ្លួននោះទេ ត្រូវចូលខ្លួនមកដោះស្រាយគ្នា៕



