ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង សម្តេចក្រឡាហោម ស ខេង នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព ព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្តបាត់ដំបង ព្រះឧបជ្ឈាយ៍ខេត្តបាត់ដំបង នៅវត្តនៅក្នុងវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នៅក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រខេត្តបាត់ដំបង បានប្រគេនបច្ច័យ និងទេយ្យវត្ថុ សម្រាប់ចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានប្រគេនព្រះសព ព្រះឥន្ទមុនី អ៊ុក មុត រួមមាន បច្ច័យចំនួន ១០លានរៀល លៀង ចំនួន១០០ឈុត ទឹកក្រូច ចំនួន២០០កេស និងទឹកបរិសុទ្ធចំនួន៣០០កេសផងដែរ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះដែរ ក៏មានតំណាងប្រតិភូមួយចំនួនទៀត បានចូលរួមគោរពវិញ្ញាណក្ខ័ន្ធព្រះសព ព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្តបាត់ដំបង ព្រះឧបជ្ឈាយ៍ខេត្តបាត់ដំបង នៅវត្តនៅក្នុងវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នេះដែរ រួមមាន ប្រតិភូក្រសួងយុត្តិធម៌ ដែលដឹកនាំដោយ ឯកឧត្តម កើត រិទ្ធិ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រតិភូអមដំណើរ ។ ប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងប្រតិភូអម ។ ប្រតិភូសាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្ត ដឹកនាំឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាសាលាដំបូងខេត្តបាត់ដំបង និងប្រតិភូអម។ ប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ប្រតិភូអម និងប្រតិភូរបស់មន្ទីរព័ត៌មានខេត្តបាត់ដំបង ដឹកនាំដោយ លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង និងសហការី។

ព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្តបាត់ដំបង ព្រះឧបជ្ឈាយ៍ខេត្តបាត់ដំបង បានទទួលអនិច្ចធម្ម នៅថ្ងៃសៅរ៍ ៩រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា ដោយជរាពាធ នៅក្នុងវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕




