សក្តានុពលនៃវិស័យឧស្សាហកម្មរ៉ែនិងកសិឧស្សាហកម្មទេសចរណ៍ខេត្តភាគឦសាននឹងត្រូវបានផ្សព្វផ្សាយទូលាយក្នុងសារព័ត៌មានជាតិនិងអន្តរជាតិ

ក្នុងគោលបំណងផ្សព្វផ្សាយទ្រង់ទ្រាយធំអំពីសក្តានុពលនៃវិស័យឧស្សាហកម្មរ៉ែនិងកសិឧស្សាហកម្មទេសចរណ៍នៅខេត្តភាគឦសាន ក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃនេះបានដឹកនាំអ្នកសារព័ត៌មានជាង៥០នាក់មកពីជាង២០ចេញដំណើរទៅកាន់ ខេត្តមណ្ឌលគីរី និងខេត្តក្រចេះដែលជាខេត្តសម្បូរនូវធនធានធម្មជាតិដ៏មានសារប្រយោជន៍ទាំងនោះ ខណដែលគេកត់បានកត់សម្គាល់ថា ការផ្សព្វផ្សាយហាក់នៅមិនទាន់ទូលាយនៅទ្បើយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជា បានឲ្យដឹងថា បេសកកម្មខាងលើនេះមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយរំពឹងថាអត្ថបទសារព័ត៌មានរាប់រយចេញជា៥ភាសា៖ ខ្មែរ, បារាំង, វៀតណាម, ចិន និងអង់គ្លេស នឹងត្រូវបានផ្សព្វផ្សាយទាំងក្នុងនិងក្រៅប្រទេស ដែលជាការរួមចំណែកដល់ការស្រូបយកអ្នកវិនិយោគជាតិនិងអន្តរជាតិនិងភ្ញៀវទេសចរបន្ថែមទៀតមកកាន់ខេត្តភាគឦសានទាំងពីរនេះ។

ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ពុយ គា បានថ្លែងថា «បេសកកម្មលើកនេះហាក់ប្លែកបន្តិចពីបេសកកម្មកន្លងមកដោយយើងបានផ្តោតទៅលើវិស័យឧស្សាហកម្មរ៉ែ និងកសិឧស្សាហកម្មទេសចរណ៍ដែលជាវិស័យដ៏មានសក្តានុពលក្នុងខេត្តមណ្ឌលគីរី និងខេត្តក្រចេះ ខណៈការផ្សព្វផ្សាយពីសក្តានុពលនៃខេត្តភូមិភាគឦសានទាំងពីរនេះហាក់ដូចជាមិនទាន់ទូលំទូលាយនៅទ្បើយ»។

គួររំលឹកថា នេះជាបេសកកម្មលើកទី៧របស់ក្លិបអ្នកកាសែតកម្ពុជា បន្ទាប់ពីបេសកកម្មដ៏មានសារសំខាន់បែបនេះត្រូវបានធ្វើទ្បើងជាបន្តបន្ទាប់ទៅតាមខេត្តនានារួមមានខេត្កព្រះសីហនុ កែប សៀមរាប ខេត្តពោធិ៍សាត់ និងរមណីយដ្ឋានឋានសួគ៌បូកគោ។ ផ្តើមពីនោះក្លិបអ្នកកាសែតកម្ពុជា នឹងព្យាយាមរៀបចំបេសកកម្មសារព័ត៌មានបែបនេះជាបន្តបន្ទាប់ទៅកាន់ទីកន្លែងផ្សេងៗជាច្រើនទៀត ហើយរំពឹងថា ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជននឹងបន្តគាំទ្រដល់បេសកកម្មរបស់ក្លិបអ្នកកាសែតកម្ពុជា ដើម្បីជាប្រយោជន៍ដល់សង្គម និងប្រជាជាតិយើង៕

Written by 

Related posts

Leave a Comment