បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនគឺជាពិធីបុណ្យប្រពៃណីដ៏ចំណាស់និងសំខាន់បំផុតរបស់ប្រទេសចិន ។ កាលពីចុងឆ្នាំ ២០២៣ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនត្រូវបានកំណត់ជាថ្ងៃឈប់សម្រាករបស់អង្គការសហប្រជាជាតិ ។ នៅចុងឆ្នាំ ២០២៤ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្យជាតិ ។ នេះមានន័យថា បុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងវប្បធម៌ប្រជាជាតិចិនត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយពីសំណាក់ពិភពលោកទាំងមូល ហើយធាតុបេតិកភណ្ឌវប្បធម៌អរូបីត្រូវបានបង្ហាញយ៉ាងពេញលេញក្នុងសកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ ។
ប៉ុន្មានថ្ងៃជាប់មកនេះ ប្រទេសនិងស្ថាប័នអន្តរជាតិជាច្រើនបាននាំគ្នារៀបចំធ្វើសកម្មភាពមួយចំនួន ដូចជាពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបី ការសម្តែងសិល្បៈនិងការដកបទពិសោធន៍ដែលធ្វើឱ្យប្រជាជននៃតំបន់នានាលើពិភពលោកបានរួមគ្នាទទួលអារម្មណ៍ពីបរិយាកាសនៃបុណ្យចូលឆ្នាំថ្មីចិនដែលប្រកបដោយភាពសប្បាយរីករាយនិងសិរីមង្គល ។ មិនត្រឹមតែប៉ុណ្ណោះទេ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនក៏បានក្លាយជាសញ្ញាវប្បធម៌នៃប្រជាជាតិចិនដែលទទួលបានការទទួលស្គាល់និងកោតសរសើរជាទូទៅពីសំណាក់ពិភពលោក ។ បច្ចុប្បន្ននេះ ប្រទេសចំនួនជិត ២០ នៅជុំវិញពិភពលោកបានកំណត់យកថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាថ្ងៃឈប់សម្រាកតាមផ្លូវច្បាប់ ។
ព្រមពេលជាមួយគ្នានេះ ឆ្លងតាមរយៈបង្អួចនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ពិភពលោកបានមើលឃើញប្រទេសចិនដែលប្រកបដោយភាពបើកទូលាយនិងបរិយាបន្ន ។ ចំណុចនេះ ត្រូវបានបង្ហាញយ៉ាងពេញលេញក្នុងកម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន» ។ កម្មវិធីរាត្រីសមោសរឆ្នាំនេះសុទ្ធតែបានបង្កើតកំណត់ត្រាថ្មីទាំងចំនួនមើលការផ្សាយផ្ទាល់និងបរិមាណបញ្ចេញមតិលើវេទិកាប្រព័ន្ធសារព័ត៌មានថ្មីៗក្នុងស្រុក ។ តាមស្ថិតិជាជំហានដំបូងឱ្យដឹងថា ចំនួនចូលមើលការផ្សាយផ្ទាល់លើប្រព័ន្ធសារព័ត៌មានថ្មីៗដល់ទៅ២៨១៧ លានលើក ដែលបានកើនឡើង ៦៩០ លានលើកបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ដែលមានចំនួន២១២៧លាន លើក ។ ការអាននៃប្រធានបទពាក់ព័ន្ធនឹងកម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៥»លើបណ្តាញទំនាក់ទំនងសង្គមមានចំនួនដល់ទៅ ១៦,៦ ប៊ីលានលើក ដែលបានកើនឡើង ៥៥០ លានលើកបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ការបញ្ចេញមតិអំពីកម្មវិធីរាត្រីសមោសរលើបណ្តាញទំនាក់ទំនងសង្គមមានចំនួនដល់ទៅ ៦៧០ លានលើក បានកើនឡើង ១៣,៧៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ សូចនាករជាច្រើននៃការផ្សាយនៅបរទេសបានបង្កើតកំណត់ត្រាថ្មី ។ ប៉ុស្តិ៍ភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ីនៃបណ្តាញទូរទស្សន៍ CGTN និងប្រព័ន្ធសារព័ត៌មានចំនួនជាង ២៩០០ នៃវេទិកាប្រព័ន្ធសារព័ត៌មាន ៨២ ភាសាបានផ្សាយផ្ទាល់និងផ្សាយដំណឹងក្នុងពេលដំណាលគ្នាអំពីកម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៥» ការចូលទស្សនាទំព័រលើទូទាំងពិភពលោកមានចំនួនលើសពី ១៥៩០ លានលើក ការទស្សនាវីដេអូពាក់ព័ន្ធនៅឯក្រៅប្រទេសមានចំនួន ៥២០ លានលើក ។ អេក្រង់ធំៗនៅតាមទីសាធារណៈសរុប ៣៥០៨ ផ្ទាំងក្នុងទីក្រុងចំនួន ១៣៦ នៃប្រទេសចំនួន ៨៧ នៅទូទាំងពិភពលោកបានផ្សព្វផ្សាយឬផ្សាយផ្ទាល់កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៥ »នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ។
អ្នកសង្កេតការណ៍បានលើកឡើងថា នៅក្នុងវប្បធម៌ប្រជាជាតិចិន គុណតម្លៃស្តីពី”ការចាត់ទុកសន្តិភាពជាអាទិភាពនិងស្វែងរកចំណុចឯកភាពគ្នានិងរក្សាទុកគំនិតមិនស្របគ្នា”ព្រមទាំងទស្សនៈវប្បធម៌ស្តីពី”ការចែករំលែកនិងរៀនសូត្រពីគ្នាទៅវិញទៅមកនូវវប្បធម៌ដ៏ល្អផូរផង់នៃជនជាតិនានានិងប្រទេសនានា”ទទួលបានការទទួលស្គាល់ពីសំណាក់ប្រជាជននៅជុំវិញពិភពលោក ។ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានបន្តវេននិងផ្សព្វផ្សាយទស្សនៈវប្បធម៌ប្រទេសចិនស្តីពីសន្តិភាព ភាពសុខដុមរមនានិងភាពចុះសម្រុងគ្នា ។ ឆ្លងតាមរយៈការដកបទពិសោធន៍យ៉ាងស៊ីជម្រៅពីសកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ប្រជាជននៅជុំវិញពិភពលោកអាចឈ្វេងយល់ពីប្រទេសចិនថែមមួយកម្រិតទៀត ហើយចាប់អារម្មណ៍ថា វប្បធម៌ប្រជាជាតិចិន គឺបើកចំហនិងមានភាពបរិយាបន្ន ហើយក៏ប្រកបដោយការច្នៃប្រឌិតថ្មីផងដែរ ។
បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនមានន័យថា ជាការចាប់ផ្តើមនៃរដូវផ្ការីកដែលពោរពេញទៅដោយការរំពឹងទុករបស់ប្រជាជនចំពោះការងើបឡើងវិញនិងគ្រប់យ៉ាងផ្លាស់ប្តូរថ្មី។ ពិភពលោកទទួលយក”បុណ្យចូលឆ្នាំថ្មីចិន” ហើយប្រទេសចិនក៏បានបញ្ជូនភាពសប្បាយរីករាយនិងសិរីមង្គលនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនទៅកាន់ពិភពលោកផងដែរ ។ មិនថាពួកយើងនៅទីណា មិនថាមានពណ៌សម្បុរឬពូជសាសន៍អ្វីក៏ដោយ អ្នកផងទាំងឡាយជួបជុំគ្នាដោយសប្បាយរីករាយ ដើម្បីអបអរសាទរពិធីបុណ្យនេះ ហើយទទួលអារម្មណ៍ពី”ការចែករំលែកនិងរៀនសូត្រពីគ្នាទៅវិញទៅមកនូវវប្បធម៌ដ៏ល្អផូរផង់នៃជនជាតិនានានិងប្រទេសនានា” ។នេះគឺជាភាពទាក់ទាញនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។ វាគឺគ្មានកំណត់ជាតិសាសន៍ ពិធីបុណ្យនេះបានក្លាយជាកម្លាំងដ៏សំខាន់សម្រាប់ជំរុញពិភពលោកឱ្យឈានទៅរកភាពល្អប្រសើរ ៕