ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបញ្ជាក់កាលពីថ្ងៃអង្គារម្សិលមិញថា លោក Benjamin Netanyahu កំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបជាមួយប្រធានាធិបតី Donald Trump ។ មេដឹកនាំទាំងពីរទំនងជាពិភាក្សាអំពីកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងកងកម្លាំងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាស។ កិច្ចប្រជុំនេះត្រូវបានគេរាយការណ៍ថានឹងធ្វើនៅថ្ងៃទី២៩ ខែមករា នេះ។
លោក Netanyahu អាចនឹងក្លាយជាមេដឹកនាំបរទេសដំបូងគេដែលធ្វើទស្សនកិច្ចនៅសេតវិមានចាប់តាំងពីការចូលកាន់តំណែងរបស់លោក Trump កាលពីសប្តាហ៍មុន ខណៈលោក Trump និងក្រុមរបស់គាត់កំពុងធ្វើការដើម្បីធានាការដោះលែងជនជាតិអាមេរិក និងអ្នកផ្សេងទៀតដែលនៅតែជាប់ជាចំណាប់ខ្មាំងដោយក្រុមហាម៉ាស់។
អ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីនជិត ៣០០នាក់ជាផ្នែកនៃកិច្ចព្រមព្រៀង។ ក្រុមហាម៉ាស់និយាយថា ខ្លួននឹងដោះលែងចំណាប់ខ្មាំង ៣៣ នាក់ជាសរុប។ ក្រុមនេះបានដោះលែងស្ត្រីអ៊ីស្រាអែល ៧ នាក់រួចហើយ ហើយក៏បានឲ្យដឹងថា ចំណាប់ខ្មាំង ៦ នាក់ទៀតនឹងត្រូវដោះលែងនៅចុងសប្តាហ៍នេះ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក David Mencer និយាយថា ចំណាប់ខ្មាំង ២៥ នាក់នៅរស់ ប៉ុន្តែ ៨ នាក់ត្រូវបានសម្លាប់ដោយក្រុមហាម៉ាស។
បទឈប់បាញ់បានទាមទារឲ្យអ៊ីស្រាអែលដកការរឹតបន្តឹងការធ្វើដំណើរនៅភាគខាងជើងតំបន់ហ្គាហ្សា។ អាជ្ញាធរនៅទីនោះបាននិយាយថា ប្រជាពលរដ្ឋជាង ៣០០,០០០ នាក់បានត្រឡប់ទៅតំបន់នោះរួចហើយផងដែរ។ ទោះជាយ៉ាងណា មានមនុស្សជាច្រើនកំពុងវិលមករកផ្ទះ និងសហគមន៍របស់ពួកគេដែលខូចខាតវិញដែលបង្ហាញពីការប្រឈមសម្រាប់ជីវិតរស់នៅរបស់ពួកគេ៕
ដោយ៖ ពេជ្រ