តុលាការកូរ៉េខាងត្បូង នឹងថ្លឹងថ្លែង នៅថ្ងៃសៅរ៍ថាតើត្រូវបន្តការឃុំខ្លួនលោក Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ បន្ទាប់ពីអ្នកស៊ើបអង្កេតចាប់ខ្លួនលោក ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ឬយ៉ាងណា ។
លោក Yoon បានធ្វើឱ្យប្រទេសជាតិមានចលាចល នៅថ្ងៃទី ៣ ខែធ្នូ នៅពេលដែលលោក ព្យាយាមព្យួរការគ្រប់គ្រងស៊ីវិល ដោយលើកឡើងពីតម្រូវការ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងពីធាតុប្រឆាំងនឹងរដ្ឋ ។
ទាហានដែលប្រធានាធិបតី បញ្ជាឱ្យសម្រុកចូលទៅក្នុងសភា បានបរាជ័យក្នុងការបញ្ឈប់សមាជិកសភាពីការបោះឆ្នោតទម្លាក់ច្បាប់អាជ្ញាសឹកត្រឹមតែ ៦ ម៉ោង បន្ទាប់ពីការប្រកាស ។
លោក Yoon ត្រូវបានចោទប្រកាន់ជាបន្តបន្ទាប់ដោយសភា និងទប់ទល់នឹងការចាប់ខ្លួនជាច្រើនសប្តាហ៍ ដោយលាក់ខ្លួននៅក្នុងគេហដ្ឋានរបស់លោក រហូតដល់លោក សម្រេចចិត្តបង្ហាញខ្លួនក្នុងសវនាការ កាលពីថ្ងៃពុធ ។
លោក Yoon ជាប្រធានាធិបតីដំបូងរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានឃុំខ្លួន ប៉ុន្តែលោក បដិសេធមិនសហការក្នុងអំឡុងពេល ៤៨ ម៉ោង ដំបូង។
គួរបញ្ជាក់ថា លោក Yoon កំពុងស្ថិតក្នុងការឃុំឃាំង បន្ទាប់ពីក្រុមអ្នកស៊ើបអង្កេត បានស្នើសុំដីកាថ្មី កាលពីថ្ងៃសុក្រ ដើម្បីបន្តការឃុំខ្លួនលោក ៕
ដោយ៖ ពេជ្រ