ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានណែនាំមន្ត្រីជាន់ខ្ពស់ឱ្យពិចារណាក្នុងការចាប់ផ្តើមរៀបចំដើម្បីធ្វើតេស្តអាវុធនុយក្លេអ៊ែរជាបន្ទាន់។ ការណែនាំបែបនោះ បន្ទាប់ពីសហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានធ្វើការសាកល្បងបាញ់មីស៊ីលនុយក្លេអែរដូចគ្នា។

លោក ពូ ទីន កាលពីម្សិលមិញបានបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខដើម្បីពិភាក្សាអំពីការណែនាំរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ទៅកាន់ក្រសួងការពារជាតិ។ នៅចុងខែមុន លោកត្រាំបានណែនាំឱ្យមន្ទីរបញ្ចកោណធ្វើការធ្វើតេស្តនុយក្លេអ៊ែរ។
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក អាន់ឌ្រី បេលូសូវ បានប្រាប់អ្នកចូលរួមថា ទីក្រុងមូស្គូគួរតែចាប់ផ្តើមរៀបចំដើម្បីធ្វើតេស្តនុយក្លេអ៊ែរទ្រង់ទ្រាយធំជាបន្ទាន់។
ប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី លោកវ៉ាលេរី ហ្គេរ៉ាស៊ីម៉ូវ បានកត់សម្គាល់ថា វាអាចចំណាយពេលពីច្រើនខែទៅច្រើនឆ្នាំដើម្បីធ្វើការរៀបចំចាំបាច់សម្រាប់ការពិសោធន៍នុយក្លេអ៊ែរ អាស្រ័យលើប្រភេទនៃការធ្វើតេស្ត។
លោកបានបន្ថែមថា រុស្ស៊ីនឹងខកខានឱកាសដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់សហរដ្ឋអាមេរិក ប្រសិនបើវិធានការសមស្របមិនត្រូវបានអនុវត្តនៅពេលនេះទេ។
ជាការឆ្លើយតប លោក ពូ ទីន បាននិយាយថា រុស្ស៊ីនឹងបន្តប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ខ្លួននៅក្នុងសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែរដ៏ទូលំទូលាយ។ លោកបាននិយាយសំដៅទៅលើសុន្ទរកថាមួយដែលលោកបានថ្លែងក្នុងឆ្នាំ ២០២៣។ ក្នុងសុន្ទរកថានោះ លោកបានថ្លែងថា រុស្ស៊ីនឹងត្រូវចាត់វិធានការទប់ទល់សមស្រប ប្រសិនបើសហរដ្ឋអាមេរិក ឬប្រទេសដទៃទៀតធ្វើតេស្តនុយក្លេអ៊ែរ។
បន្ទាប់មក លោក ពូទីន បានណែនាំមន្ត្រីឲ្យបង្ហាញសំណើស្តីពីលទ្ធភាពនៃការចាប់ផ្តើមការងារដើម្បីត្រៀមខ្លួនសម្រាប់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ៕

