អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ ពាក្យសំដី​របស់​ភាគី​ថៃ​នាំឲ្យ​ប៉ះពាល់​ដល់​​ទំនុក​ចិត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្ដិវិធី

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបាន​លើក​ឡើង​ថា​ថៃ​កំពុង​បង្ហាញ​សកម្មភាព​បំពាន​លើ​កិច្ច​ព្រមព្រៀង​សន្ដិភាព​ជាមួយ​កម្ពុជា​ បង្ក​ឱ្យ​បាត់បង់​ទំនុក​ចិត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្ដិវិធី។ ផ្តើមពីនោះ លោក​បាន​ទទូច​ឱ្យ​ភាគី​ថៃ​គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​អ្វីដែល​ខ្លួន​បាន​សន្យា​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​ទី​ក្រុង​គូឡាឡាំពួរ។

យោងតាម​សេចក្ដី​ថ្លែង​ការណ៍​ថ្ងៃទី​៥ ខែ​វិច្ឆិកា ឆ្នាំ២០២៥ លោក​ ប៉ែន បូណា បាន​លើក​ឡើង​ថា មន្ត្រី​ថៃ​កំពុង​យក​ចំណុច​ដែល​ព្រមព្រៀង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​ធ្វើ​ជា​លក្ខខណ្ឌ​ដោះលែង​ទាហាន​ខ្មែរ និង​បង្កើត​លក្ខខណ្ឌ​ថ្មីៗ​បន្ថែម​ទៀត​ដូច​ជា​ការ​ចង់​ប្រើ​កម្លាំង​យោធា​ដណ្ដើម​ប្រាសាទ​តាក្របីជា​ដើម។ លោកថា ការ​អត្ថាធិប្បាយ​ទាំង​នេះ​ផ្ទុយ​ទៅ​នឹង​ខ្លឹមសារ​ចំណុច​ទី៤ ដែល​ចែង​ថា​ ភាគី​ទាំង​ពីរ​បាន​​ឯកភាព​គ្នា​ជៀសវាង​ការ​ចែក​ចាយ​ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ការ​ចោទ​ប្រកាន់ ការ​អះអាង​ដោយ​គ្មាន​ភស្ភុតាង​ និង​វោហាសាស្ត្រ ដែល​បង្ក​គ្រោះ​ថ្នាក់​ទាំង​តាម​បណ្ដាញ​ផ្លូវ​ការ​របស់​រដ្ឋាភិបាល ឬ​វេទិកា​ក្រៅ​ផ្លូវ​ការ​ដើម្បី​បន្ថយ​ភាព​តាន​តឹង​ កាត់​បន្ថយ​សតិ​អារម្មណ៍​អវិជ្ជមាន​របស់​សាធារណជន​ និង​លើក​កម្ពស់​បរិយាកាស​អំណោយ​ផល​ដល់​ការ​សន្ទនា​ដោយ​សន្ដិវិធី។

អ្នកនាំពាក្យរូបនេះ​ក៏​បាន​កត់​សម្គាល់​ផងដែរ​ថា​ តាំង​ពី​សម្រេច​បាន​នូវ​សេចក្ដីថ្លែង​ការណ៍​រួម​ដែល​មាន​ចំណុច​មួយ​គឺទាក់ទង​នឹង​ការ​ដោះលែង​ទាហាន​ខ្មែរ​ទាំង​១៨​នាក់​មក​វិញ​រហូត​មក​ដល់​ពេល​នេះ​ថៃ​នៅ​មិនគោរព​ខ្លឹមសារ​នៃ​សេចក្ដី​ថ្លែង​ការណ៍​រួម​នោះ​ទេ។

 អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​អំពាវ​នាវ​ដល់​ថៃ​ឱ្យ​គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់​រាល់​ខ្លឹម​សារ​ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​កម្ពុជា សូម​បង្ហាញ​នូវ​សុចរិភាព និង​ភាព​ស្មោះត្រង់​ដើម្បី​ផល​ប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ​៕

Written by 

Related posts

Leave a Comment