អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានជូនដំណឹងដល់ប្រទេសរុស្ស៊ីអំពីចេតនារបស់ខ្លួនក្នុងការបាញ់មីស៊ីលផ្លោងអន្តរទ្វីប Minuteman III មុនពេលរ៉ុក្កែតនេះត្រូវបានបាញ់សាកល្បងកាលពីថ្ងៃពុធ។

នេះជាការថ្លែងបស់អ្នកនាំពាក្យទៅកាន់អ្នកសារព័ត៌ព័ត៌មាន ដោយលោកបញ្ជាក់ថា មីស៊ីលនេះជាប្រភេទគ្រាប់ផ្លោងដែលតម្រូវឱ្យមាន “ការកំណត់អត្តសញ្ញាណនៃការបាញ់បង្ហោះ” ក្រោមបទប្បញ្ញត្តិអន្តរជាតិ។
លោក Peskov បានបន្ថែមថា “យើងក៏ជូនដំណឹងដល់ ប្រទេសដទៃទៀតដូចគ្នានៅពេលធ្វើការបាញ់បង្ហោះបែបនេះ។
លោកក៏បានលើកទ្បើងអំពីសមត្ថភាពយោធារបស់រុស្ស៊ីផ្ទាល់ផងដែរ ខណដែល លោក បាននិយាយថា នៅពេលដែលទីក្រុងមូស្គូ «មិនចូលរួមក្នុងការប្រណាំងប្រជែងសព្វាវុធណាមួយឡើយ» ខ្លួនពិតជាបានអភិវឌ្ឍអាវុធយុទ្ធសាស្ត្ររបស់ខ្លួនជាប្រព័ន្ធអស់រយៈពេលជាច្រើនឆ្នាំ ស្របតាមចក្ខុវិស័យរយៈពេលវែងរបស់ខ្លួន។
មន្ត្រីអ្នកនាំពាក្យរូបនេះបានអះអាងថា បច្ចុប្បន្នរុស្ស៊ីមាន «អាវុធនុយក្លេអ៊ែរទំនើបបំផុតទាំងបីនៅលើពិភពលោក»។
គួររំលឹកថា កាលពីថ្ងៃពុធ កងទ័ពអាកាសអាមេរិកបានប្រកាសថា ខ្លួនបានសាកល្បងបាញ់មីស៊ីលផ្លោងអន្តរទ្វីប Minuteman III ដែលគ្មានអាវុធដោយជោគជ័យពីមូលដ្ឋានទ័ពអវកាស Vandenberg។ រ៉ុក្កែតនេះមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរតែមួយ ដែលមានកម្លាំងបរមាណូស្មើនឹង TNT ជាង ៣០០ គីឡូតោន ដែលមានកម្លាំងខ្លាំងជាងគ្រាប់បែកដែលទម្លាក់នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុនក្នុងឆ្នាំ ១៩៤៥ ដល់ទៅ ២០ ដងឯណោះ។
កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឱ្យក្រសួងសង្គ្រាមចាប់ផ្តើមរៀបចំសម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរ ដោយអះអាងថា សហរដ្ឋអាមេរិកគឺជា «ប្រទេសតែមួយគត់ដែលមិនសាកល្បង»។ លោកបានចោទប្រកាន់រុស្ស៊ី និងចិនថាបានធ្វើការផ្ទុះនុយក្លេអ៊ែរ «សម្ងាត់» ដែលជាការចោទប្រកាន់ដែលទាំងទីក្រុងមូស្គូ និងទីក្រុងប៉េកាំងបានបដិសេធ៕

