ខេត្តរតនគិរី÷ បុរសវ័យចំណាស់ម្នាក់កំពុងតែធ្វើដំណើរតាមម៉ូតូលើផ្លូវជាតិ ខណៈនោះឆ្កែ១ក្បាលបានរត់កាត់ផ្លូវពីកើតមកលិចស្រាប់តែម៉ូតូបុកឆ្កែចំពាក់កណ្តាលខ្លួនយ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលទៅនិងផ្លូវថ្នល់ រងរបួសធ្ងន់ ហើយឆ្កែក៏បានបាក់ចង្កេះរត់មិនរួចនៅនិងកន្លែង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង០០នាទីល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិ១(តាស៊ុយ)សង្កាត់កាចាញ ក្រុងបានលុង។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញលោកពូម្នាក់ជិះម៉ូតូក្នុងទិសដៅពីជើងមកត្បូង ស្រាប់តែមកដល់កន្លែងកើតហេតុ ស៊យអី ឆ្កែមេពណ៌ខ្មៅ១ក្បាល បានរត់កាត់ផ្លូវជាតិបុកយ៉ាងពេញទំហឹង បណ្តាលឲ្យលោកពូនោះដួលបោកក្បាលទៅនិងផ្លូវជាតិបែកមុខបែកមាត់ហូរឈាមស្រោចពេញផ្ទៃមុខ។ដោយឃើញនៅនិងជាប់ដងខ្លួនរបស់គាត់ មានរបស់របរជាអន្ទាក់សត្វទើបមកពីអន្ទាក់សត្វនៅកន្លែងណាហើយ។
បើតាមការបញ្ជាក់ពីឈ្មោះ សេន វី ភេទប្រុស អាយុជាង៥០ឆ្នាំ ជនជាតិខ្មែរឥស្លាម បានជិះម៉ូតូបុកឆ្កែដែលរត់កាត់ផ្លូវថា គាត់ជិះម៉ូតូមកពីស្រុកតាវែងគោលបំណងទៅផ្ទះវិញ នៅភូមិកាប្លិញ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី មិនទាន់ដល់ផ្ទះផងក៏ត្រូវឆ្កែរត់កាត់មុខម៉ូតូបុកបណ្តាលឲ្យរងរបួសធ្ងន់។ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ125 ស៊េរីឆ្នាំ2013 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1F-3141 ដោយជនរងគ្រោះបានពាក់មួកសុវត្ថិភាពត្រឹមត្រូវ។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋបានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់នៃស្នងការរដ្ឋាននគរបាលខេត្ត ដើម្បីដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត រថយន្តបានមកដល់ប៉ុន្តែជនរងគ្រោះមិនព្រមឡើងលើរថយន្តទៅព្យាបាលនោះទេ គាត់ថារបួសបន្តិចបន្តួចក៏បានជិះម៉ូតូចេញពីកន្លែងកើតហេតុបន្តទៅលំនៅឋានរបស់គាត់បាត់ទៅ។ដោយបន្សល់ទុកឆ្កែ១ក្បាលបាក់ចង្កេះនៅចិញ្ចើមផ្លូវជាតិលើស្មៅមិនឃើញមានម្ចាស់មកទទួលខុសត្រូវនោះទេ។
សូមបញ្ជាក់ផងដែរថា កន្លងមកលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានឲ្យម្ចាស់ឆ្កែធ្វើស្ថិតិនិងជំរឿនឆ្កែតើមានឈ្មោះអ្វីខ្លះ ឲ្យអាជ្ញាធរភូមិ,ឃុំ,ស្រុកធ្វើរបាយការណ៍ជូនទៅលោក។ដោយឃើញមានឆ្កែរត់ប្រសេកប្រសាចពេញតាមដងផ្លូវ បង្កឲ្យគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ជាពិសេសនោះចូលឡានបណ្ដាលឲ្យរងការបាក់បែកនិងខូចខាតដោយសារសត្វឆ្កែរត់ចូលម៉ូតូនិងឡាន៕



