អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Jean Alam បាននិយាយថា ក្រុមឧទ្ទាមហ៊ូធី បានចាប់ខ្លួនបុគ្គលិកអង្គការសហប្រជាជាតិ នៅក្នុងរដ្ឋធានី Sanaa របស់ប្រទេសយេម៉ែន កាលពីថ្ងៃអាទិត្យ។

ក្រុមសកម្មប្រយុទ្ធនេះ ធ្លាប់ចោទប្រកាន់បុគ្គលិកទាំងអស់ថា បានធ្វើចារកម្មឱ្យអាមេរិក និងអ៊ីស្រាអែល។ ទោះជាយ៉ាងណា ការចោទប្រកាន់នេះ ត្រូវបានអង្គការសហប្រជាជាតិបដិសេធ។
លោក Alam បានឱ្យដឹងថា បុគ្គលិកចំនួន ២០ នាក់នៃទីភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងៗ រួមទាំងជនបរទេសចំនួន ១៦ នាក់ ត្រូវបានឃុំខ្លួនកំឡុងពេលវាយឆ្មក់លើបរិវេណរបស់អង្គការនៅក្នុងស្រុក Hada ។
លោក បានបន្ថែមថា មនុស្ស ១១នាក់ផ្សេងទៀត ត្រូវបានដោះលែង បន្ទាប់ពីការសាកសួរ។
AFP បានដកស្រង់សម្តីមន្ត្រីអង្គការសហប្រជាជាតិម្នាក់ដែលមិនបញ្ចេញឈ្មោះ ដោយនិយាយថា បេសកជនរបស់ UNICEF ប្រចាំប្រទេសយេម៉ែន គឺលោក Peter Hawkins ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន។ ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា ក្រុមឧទ្ទាមហ៊ូធី បានរឹបអូសឧបករណ៍អេឡិចត្រូនិចទាំងអស់ រួមទាំងកុំព្យូទ័រ និងទូរស័ព្ទផងដែរ៕

ដោយ៖ ពេជ្រ