តាកែវ ៖ ប្រជាពលរដ្ឋរាប់រយគ្រួសារដែលប្រកបរបររកស៊ីនេសាទកំពុងតឹងចិត្តស្អិតទ្រូងព្រោះត្រូវបង់លុយរាប់សែន រាប់លានរៀល ទៅលោកនាយផ្នែករដ្ឋបាលជលស្រុកបូរីជលសារ ក្នុងមួយរដូវៗ។
ប្រជានេសាទ បានឲ្យដឹងថា ពួកគាត់ត្រូវបង់លុយទៅ លោក ឃឹន វែង នាយផ្នែករដ្ឋបាលជលផលស្រុកបូរីជលសារ ចាប់ពី៨០ម៉ឺន ទៅ៣លានរៀនតាមប្រភេទឧបករណ៍នេសាទ។ ពួកគាត់បន្តថា លោក ឃឹន វែង បានបញ្ជាកម្មករបើកទូកឈ្មោះ ដែន ឲ្យដើរប្រមូលលុយពីប្រជានេសាទដាក់ ណរ ដាក់មងគ្រប បង់សំណាញ់ ទូករុញ ឆក់ត្រី ជាដើម ហើយលុយត្រូវប្រមូលតាមឧបករណ៍នេសាទ ដូចជា ដាក់ណរ ៨០ម៉ឺន ទូករុញ២លាន ទៅ៣លាន។ ពួកគាត់បានបញ្ជាក់ថា ប្រជានេសាទរាប់រយទូកត្រូវតែបង់លុយឲ្យគេ បើមិនបង់លុយត្រូវដាក់ពិន័យឬចាប់ទៅស្នាក់ការជលផលខេត្តតាកែវ។ ហើយពេលខ្លះលោក ឃឹន វែង ក្រពុលមុខបានប្រើកម្មករសុទ្ធតែក្មេងពាលទៅទាលុយ ទោះបានបង់លុយហើយរួចក៏ដោយ។
