ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៥/២៦ បានវិលត្រឡប់មកវិញហើយ ក្រោយឈប់សម្រាប់រយៈពេលជិតសប្ដាហ៍ ដោយសារថ្ងៃ FIFA Day ។

នៅថ្ងៃសៅរ៍ទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បងប្អូនអាចទៅទស្សនាបានចំនួនពីរប្រកួតគឺ ក្រុមអង្គរថាយហ្គឺ និង ក្រុម អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន Akihiro Kato Stadium និង ក្រុមណាហ្គាវើលដ៍ ត្រូវទទួល ក្រុមអឹម អូ អាយ កំពង់ដេវ៉ា កីឡដ្ឋានកំពង់ស្ពឺ ។ ការប្រកួតទាំងពីរនេះ នឹងចាប់ផ្ដើមនៅម៉ោង ៦:00 នាទីល្ងាច ដូចគ្នា។
ចំណែកឯថ្ងៃអាទិត្យទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាការប្រកួត Big Match ប្រចាំសប្ដាហ៍រវាង វិសាខា និងព្រះខ័នស្វាយរៀង នៅកីឡដ្ឋានព្រីនស៍ និងមួយប្រកួតទៀតនោះគឺ ក្រុម បឹងកេត បើកទ្វារផ្ទះទទួលក្រុមមិនទាន់ស្គាល់ពាក្យថាចាញ់ កងយោធពលខេមរភូមិន្ទ នាពហុកីឡដ្ឋានជាតិអូឡាពិក ចំណែកឯមួយប្រកួតផ្សេងសម្រាប់សប្ដាហ៍ទី៤ នោះគឺ ក្រុមឡាយហ្វខេត្តព្រះសីហនុ និង ភ្នំពេញក្រោន នៅកីឡដ្ឋានឡាយហ្វ។ ការប្រកួតទាំងបីនេះ នឹងចាប់ពីម៉ោង ៦:០០ នាទីល្ងាច ដូចគ្នា។
សូមជម្រាបថា ឆ្លងកាត់ការប្រកួត៣សប្ដាហ៍កន្លងទៅ ព្រះខ័នស្វាយរៀង កំពុងឈរកំពូលតារាង មាន ៩ពិន្ទុពេញ តាមពីក្រោយលេខ២ ដោយអង្គរថាយហ្គឺរ មាន ៦ពិន្ទុ លេខ៣ កងយោធពលខេមរភូមិន្ទ មាន ៥ពិន្ទុ លេខ៤ វិសាខា មាន ៤ពិន្ទុ ស្មើរគ្នាជាមួយ អឹម អូ អាយ កំពង់ដេវ៉ា ស្ថិតនៅលេខ៥៕
