ថ្ងៃច័ន្ទនេះជាការប្រារព្ធខួបលើកទី ៣ នៃការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ក្រុមគាំទ្រអ៊ុយក្រែនបានធ្វើការជួបជុំមួយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍កន្លងទៅដើម្បីអំពាវនាវឲ្យអាមេរិកបន្តជំនួយនិងសាមគ្គីភាពជាមួយអ៊ុយក្រែន។

ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅសហរដ្ឋអាមេរិក លោក Oksana Markarova បានធ្វើការចោទប្រកាន់អំពើឈ្លានពានរបស់រុស្ស៊ីថា ជាអំពើឃោរឃៅ ប្រល័យពូជសាសន៍ និងអយុត្តិធម៌ ហើយបាននិយាយថា ការបន្តគាំទ្ររបស់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតគឺចាំបាច់ណាស់សម្រាប់អ៊ុយក្រែន។
អ្នកចូលរួមបានដើរក្បួននៅមុខសេតវិមានដោយស្រែកថា “ឈរជាមួយអ៊ុយក្រែន និង “រុស្ស៊ីជារដ្ឋភេរវករ”។ ស្ត្រីម្នាក់ដែលបានចូលរួមក្នុងការជួបជុំគ្នានោះបាននិយាយថា លោក Trump កំពុងស្តាប់ព័ត៌មានមិនពិតជាច្រើន ហើយកំពុងនិយាយពាក្យដដែលៗអំពីពាក្យឃោសនាដែលរុស្ស៊ីកំពុងដាក់ចេញដើម្បីបោកប្រាស់អាមេរិក។
ចំណែកបុរសម្នាក់ទៀតក៏បានហៅរុស្ស៊ីថាជាអ្នកឈ្លានពាន ហើយបាននិយាយថា ការចរចាសន្តិភាពមិនអាចធ្វើឡើងបានទេ បើគ្មានការចូលរួមពីប្រទេសដែលត្រូវបានគេឈ្លានពាននោះ។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump ថ្មីៗនេះបានចាប់ផ្តើមការចរចាដោយផ្ទាល់ជាមួយរុស្ស៊ីជុំវិញបទឈប់បាញ់នៅអ៊ុយក្រែន។ចំណែកអ៊ុយក្រែនបានសម្តែងការមិនពេញចិត្តចំពោះការមិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកាលពីថ្ងៃអង្គារនៅប្រទេសអារ៉ាប៊ីសាអូឌីត ខណៈដែលលោក Trump បានហៅលោក Zelenskyy ថាជា ជនផ្តាច់ការដោយគ្មានការបោះឆ្នោត៕

ដោយ៖ ពេជ្រ