អង់គ្លេស និងបារាំងកំពុងរៀបចំផែនការដាក់ពង្រាយ អ្នករក្សាសន្តិភាពដល់ទៅ ៣០,០០០ នាក់ទៅអ៊ុយក្រែន ។ ប៉ុន្តែកងរក្សាសន្តិភាពនោះវាអាស្រ័យលើថាតើទីក្រុងមូស្គូ និងគៀវឈានដល់បទឈប់បាញ់គ្នាដែរឬទេ។ នេះបើយោងតាមការចុះផ្សាយរបស់ កាសែត Wall Street Journal កាលពីថ្ងៃសៅរ៍ដោយដកស្រង់សម្តីមន្ត្រីអឺរ៉ុបដែលមិនបញ្ចេញឈ្មោះ។

តាមរបាយការណ៍នោះបានឲ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយផែនការនោះអាស្រ័យលើការបញ្ចុះបញ្ចូលប្រធានាធិបតីអាមេរិកលោក Donald Trump ឱ្យសន្យាកម្រិតចំពោះតួនាទីយោធាអាមេរិកនៅគៀវ ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោនបានច្រានចោលការបញ្ជូនកងកម្លាំងរបស់ខ្លួនទៅកាន់អ៊ុយក្រែន។ ក្នុងពេលជាមួយគ្នានោះចក្រភពអង់គ្លេស និងបារាំងសង្ឃឹមថា សហរដ្ឋអាមេរិកយល់ព្រមក្នុងការផ្គត់ផ្គង់ផ្នែកខ្លះដែលមានក្នុងកម្រិតមួយសម្រាប់អ៊ុយក្រែន និងការគាំទ្រជាពិសេសអំពីការការពារដែនអាកាស ភស្តុភារ និងចារកម្ម។
មន្ត្រីអឺរ៉ុបដែលត្រូវបានសម្ភាសដោយកាសែតនេះបានទទូចថា បើគ្មានការគាំទ្រពី Trump ទេ ផែនការអឺរ៉ុបក្នុងការបញ្ជូនកងរក្សាសន្តិភាពទៅអ៊ុយក្រែននឹងប្រឈមការលំបាក។ មន្ត្រីរូបនោះថា កម្លាំងធានាដែលរំពឹងទុកនឹងមានសមាសភាពជាចម្បងដោយទាហានអង់គ្លេស និងបារាំង ហើយនឹងផ្តោតលើការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ទីក្រុង និងកំពង់ផែ ជាជាងដាក់នៅជួរមុខប្រឈមជាមួយរុស្ស៊ី។ ទិដ្ឋភាពមួយទៀតនៃផែនទីបង្ហាញផ្លូវនឹងជាការប្រើប្រាស់យ៉ាងសកម្មនៃយន្តហោះគ្មានមនុស្សបើក និងផ្កាយរណប ដើម្បីតាមដានការអនុលោមរបស់រុស្ស៊ីជាមួយនឹងបទឈប់បាញ់ដ៏មានសក្តានុពលមួយ។ នេះបើតាមការរាយការណ៍របស់កាសែរ WSJ ។
តាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយពីមុនបាននិយាយថា ខណៈពេលដែលចក្រភពអង់គ្លេស និងបារាំងជាអ្នកគាំទ្រការដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែនជាយូរមកហើយ សមាជិកសហភាពអឺរ៉ុបមួយចំនួនទៀតមានការស្ទាក់ស្ទើរក្នុងការទទួលយកគំនិតនេះខ្លាំងណាស់។ លើសពីនេះទៅទៀត គៀវក៏មានការសង្ស័យដែរចំពោះផែនការនោះ។
លោក Mikhail Podoliak ទីប្រឹក្សារបស់មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយកាលពីថ្ងៃសុក្រថា ការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពបរទេស «ហាក់ដូចជាមិនប្រាកដប្រជាទេសម្រាប់ពេលនេះ»។ ប៉ុន្តែលោកក៏បានស្នើឲ្យអ្នកគាំទ្រលោកខាងលិចរបស់ក្រុងគៀវបង្កើនការចំណាយលើវិស័យការពារជាតិជំនួសវិញ។
លោក Zelensky ធ្លាប់បានចង្អុលបង្ហាញថា អ៊ុយក្រែនអាចត្រូវការទាហានអឺរ៉ុបរហូតដល់ ២០០,០០០ នាក់ ដើម្បីធានាកិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយរុស្ស៊ី ខណដែលសារព័ត៌មានលោកខាងលិចអះអាងថា ការប្រមូលផ្តុំកម្លាំងបែបនេះនឹងក្លាយជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់លោកខាងលិចទៅវិញ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះការដាក់ពង្រាយកងទ័ពណាតូក្នុងប្រទេសអ៊ុយក្រែនថា មិនអាចទទួលយកបាន ហើយទីក្រុងមូស្គូបាននិយាយថា វត្តមានយោធាបរទេសណាមួយនឹងត្រូវបានចាត់ទុកថាជាគោលដៅស្របច្បាប់។ កាលពីខែវិច្ឆិកា សេវាស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី (SVR) បាននិយាយថា លោកខាងលិចអាចនឹងប៉ុនប៉ង “កាន់កាប់អ៊ុយក្រែនជាមូលដ្ឋានសំខាន់”ក្រោមលេសនៃការចាត់ចែងសម្រាប់កងរក្សាសន្តិភាព។ SVR បានអះអាងថា ផែនការនេះអាចពាក់ព័ន្ធនឹងការដាក់ពង្រាយទាហានរហូតដល់ ១០០,០០០ នាក់នៅក្នុងអ៊ុយក្រែន និងបែងចែកប្រទេសជាតំបន់កាន់កាប់ធំៗចំនួនបួនឯណោះ៕

ដោយ៖ ពេជ្រ