នៅថ្ងៃទី ៣១ ខែមករា តាមម៉ោងក្នុងតំបន់ ខណៈពេលដែលកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៦ របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)បានបញ្ចប់ការហាត់សមលើកទីបីដោយជោគជ័យ ហើយការងារនានាបានត្រៀមលក្ខណៈយ៉ាងរលូន វីដេអូផ្សព្វផ្សាយនិងផលិតផលច្នៃប្រឌិតខាងវប្បធម៌នៃកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៦ ត្រូវបានចាក់ផ្សាយជាលើកដំបូងនៅទីក្រុង Johannesburg ដែលជាទីក្រុងធំបំផុតរបស់អាហ្វ្រិកខាងត្បូងដែលស្ថិតនៅចុងខាងត្បូងនៃទ្វីបអាហ្វ្រិក ដើម្បីសម្តែងការជូនពរឆ្នាំថ្មីចិនពីប្រទេសចិនចំពោះជនជាតិចិននិងអាណិកជនចិនក្នុងតំបន់ និងប្រជាជនអាហ្វ្រិកខាងត្បូង។
សូមបញ្ជាក់ថា កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៦ នេះយកសត្វសេះជានិមិត្តរូបនៃវឌ្ឍនភាព និងបង្ហាញពីស្មារតីក្លៀវក្លា និងរីកចម្រើនទៅមុខរបស់ប្រជាជាតិចិន។ ព្រឹត្តិការណ៍វប្បធម៌មួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ពិភពលោកទាំងមូលដែលមិនត្រឹមតែចែករំលែកភាពរីករាយនៃការជួបជុំគ្រួសារជាមួយទូរទស្សនិកជនរាប់រយលាននាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានដ៏សំខាន់សម្រាប់ជំរុញការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក និងតភ្ជាប់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនផងដែរ៕



