ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទទូចថា លោក មិនចង់ឱ្យទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ ប្ដូរទីតាំងចេញពីទីក្រុងញូវយ៉កនោះទេ។

ការលើកឡើងរបស់លោក ត្រាំ គឺបន្ទាប់ពីទទួលរបាយការណ៍ពី The New York Times ថា មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ ព្រមានថា អង្គការពិភពលោកអាចនឹងត្រូវបង្ខំឱ្យកាត់បន្ថយប្រតិបត្តិការ ឬបិទទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងញូវយ៉កតែម្ដង ដោយសារតែបញ្ហាហិរញ្ញវត្ថុ។
លោក បាននិយាយថា អង្គការសហប្រជាជាតិ អាចដោះស្រាយសង្គ្រាមជំនួសលោកបាន។ ស្ថាប័ននេះមានសក្តានុពលខ្លាំង និងអស្ចារ្យណាស់។
ទន្ទឹមនោះ លោក ក៏បានបញ្ជាក់ថា លោក ប្រាកដជាអាចដោះស្រាយបញ្ហាបង់ប្រាក់វិភាគទានរបស់អង្គការសហប្រជាជាតិមួយចំនួនផងដែរ។
ទោះជាយ៉ាងណា លោក ត្រាំ មិនបាននិយាយថាតើសហរដ្ឋអាមេរិកនឹងសងបំណុលរបស់ខ្លួនទៅអង្គការសហប្រជាជាតិវិញ ឬអត់នោះទេ។
គួរបញ្ជាក់ថា លោក ត្រាំ ធ្លាប់និយាយរិះគន់យ៉ាងខ្លាំងម្តងហើយម្តងទៀតចំពោះអង្គការសហប្រជាជាតិ ដោយចោទប្រកាន់ថាខ្លួនប្រើប្រាស់មូលនិធិគ្មានប្រសិទ្ធភាព និងមិនបានធ្វើអ្វីគ្រប់គ្រាន់ដើម្បីបញ្ចប់ជម្លោះ៕


ដោយ៖ ពេជ្រ
