ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ បានបញ្ចប់ជាមួយលទ្ធផលដ៏ស្វិតស្វាញ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣០ ខែមករា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ស្របពេលមានសម្ព័ន្ធ-ក្លឹបរហូតដល់៧ ដែលដណ្ដើមបានមេដាយមាស ក្នុងចំណោម ៨វិញ្ញាសា ដែលសហព័ន្ធដាក់ឲ្យធ្វើការប្រកួតប្រជែងឆ្នាំនេះ។

យោងតាមរបាយការណ៍គណៈកម្មការរៀបចំការប្រកួត ព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡានេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៤១៦នាក់ មកពី ៦០សម្ព័ន្ធ-ក្លឹបទូទាំងប្រទេស ដែលបានធ្វើការប្រកួតលើ ៨វិញ្ញាសា រាប់ចាប់ពីវិញ្ញាសាកុមារអាយុ ១២ឆ្នាំ រហូតដល់ឈុតធំ ហើយគ្រប់វិញ្ញាសា សុទ្ធតែបញ្ចប់ការប្រកួតដោយជក់ចិត្ត ទម្រាំរកឃើញម្ចាស់ជើងឯក។
ជាក់ស្ដែងក្នុងចំណោម ៨វិញ្ញាសាឆ្នាំនេះ មានសម្ព័ន្ធ-ក្លឹបរហូតដល់ ៧ ដែលដណ្ដើមបានមេដាយមាស រួមមានក្លឹបយោធភូមិភាគពិសេសឈរលេខ១ ដោយដណ្ដើមបានមេដាយច្រើនជាងគេ គឺមេដាយមាស ២គ្រឿង ខណៈក្លិបមជ្ឈមណ្ឌលកីឡា ខ.ភ.ម ឈរលេខ២ ឈ្នះមេដាយ ៤គ្រឿង(មាស ១ និងប្រាក់ ៣) និងសម្ព័ន្ធកីឡាប៊ូល និងប៉េតង់កងយោធពលខេមរភូមិន ឈរលេខ៣ ដោយឈ្នះមេដាយ ៥គ្រឿង(មាស ១ ប្រាក់ ១ និងសំរឹទ្ធ៣)។
ចំណែកក្លឹបក្រសួងមហាផ្ទៃ និងក្លឹបកីឡាប៊ូល និងប៉េតង់សន្ដិភាព ឈរលេខ៤ និងលេខ៥ ឈ្នះមេដាយ ២គ្រឿង(មាស ១ និងប្រាក់ ១)ដូចគ្នា គ្រាដែលខេត្តបាត់ដំបង និងខេត្តកំពង់ឆ្នាំង ឈរលេខ៦ និងលេខ៧ ឈ្នះមេដាយមាស ១គ្រឿងចូគ្នា។ រីឯ ៦សម្ព័ន្ធ-ក្លិបផ្សេងទៀត បានឈ្នះមេដាយរៀងៗខ្លួន ក្នុងចំណោម ៦០ក្លិបចូលរួមប្រកួតឆ្នាំនេះ៕


