រដ្ឋមន្ត្រីការបរទេសលោក Bruno Rodriguez Parrilla បាននិយាយថា គុយបា ថ្កោលទោសយ៉ាងខ្លាំងចំពោះវិធានការថ្មីៗដែលធ្វើឡើងដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើកោះនេះ។

លោក Parrilla បានបង្ហោះលើបណ្ដាញសង្គមថា យើងថ្កោលទោសយ៉ាងខ្លាំងចំពោះផែនការថ្មីៗនេះរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងគុយបា។ ផែនការនេះនាំឱ្យមានការបិទផ្លូវទាំងស្រុងនៃការផ្គត់ផ្គង់ប្រេងដល់ប្រទេសរបស់យើង។
អ្នកការទូតកំពូលរូបនេះ បានកត់សម្គាល់ថា សហរដ្ឋអាមេរិក ក៏កំពុងងាកទៅរកការគំរាមកំហែង និងការបង្ខិតបង្ខំផងដែរ ដោយព្យាយាមបង្ខំប្រទេសដទៃទៀតឱ្យចូលរួមក្នុងគោលនយោបាយបិទផ្លូវគុយបាដែលត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយនេះ និងគំរាមកំហែងពន្ធគយលើប្រទេសដែលមិនចូលរួម។
លោក បានសង្កត់ធ្ងន់ថា វិធានការទាំងនេះ រំលោភលើគោលការណ៍ទាំងអស់នៃពាណិជ្ជកម្មសេរី។

ទន្ទឹមនោះ លោក បានសន្និដ្ឋានថា យើងថ្កោលទោសនៅចំពោះមុខពិភពលោកចំពោះទង្វើឈ្លានពានដ៏ឃោរឃៅនេះប្រឆាំងនឹងគុយបា ដែលអស់រយៈពេលជាង ៦៥ ឆ្នាំមកហើយត្រូវបានទទួលរងនូវការបិទផ្លូវសេដ្ឋកិច្ចដ៏វែងឆ្ងាយ និងឃោរឃៅបំផុតដែលមិនធ្លាប់មានប្រឆាំងនឹងប្រជាជាតិទាំងមូល ហើយឥឡូវនេះកំពុងត្រូវបានគំរាមកំហែងថានឹងទទួលរងនូវលក្ខខណ្ឌរស់នៅដ៏ធ្ងន់ធ្ងរថែមទៀត។
កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលអនុញ្ញាតឱ្យមានការយកពន្ធលើប្រទេសណាដែលផ្តល់ប្រេងដល់គុយបា៕

ដោយ៖ ពេជ្រ
