ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិមានបម្រែបម្រួលនិងភាពរង្គោះរង្គើប្រទាក់ប្រឡាគ្នាលោកStarmerនាយករដ្ឋមន្រ្តីអង់គ្លេសបានចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសចិន ហើយលោកStarmer មិនមែនជាមេដឹកនាំបរទេសតែម្នាក់គត់ដែលបានបំពេញទស្សនកិច្ចនៅប្រទេសចិននាពេលថ្មីៗកន្លងទៅនេះនោះទេ។ ការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញទូរទស្សន៍CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើអ៊ីនធឺណិតទូទាំងពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន85.2%សម្គាល់ឃើញថា អ្នកនយោបាយសំខាន់ៗនៃប្រទេសជាច្រើនបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិនយ៉ាងមមាញឹកជាការឆ្លុះបញ្ចាំងថា ពហុប៉ូលភាវូបនីយកម្មដែលស្មើភាពនិងមានរបៀបរៀបរយ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្នបានក្លាយជាគំនិតឯកភាពរួមរបស់បណ្តាប្រទេសនានាក្នុងការយល់ដឹងពីទំនាក់ទំនងអន្តរជាតិ។
ការស្ទង់មតិលើកនេះក៏បានបង្ហាញផងដែរថា អ្នកផ្តល់បទសម្ភាសន៍ចំនួន64.8%បានសម្គាល់ឃើញថា នាយករដ្ឋមន្រ្តីអង់គ្លេសអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងគោលបំណងស្វែងរកភាពប្រាកដប្រជាកាន់តែច្រើននៅក្នុងទំនាក់ទំនងជាមួយក្រៅប្រទេស។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មគឺជាផ្នែកដ៏សំខាន់នៃទំនាក់ទំនងចិន-អង់គ្លេសជាប់រហូតមក ដោយទំហំពាណិជ្ជកម្មទំនិញទ្វេភាគីបានឡើងដល់១០៣.៧ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។ អ្នកផ្តល់បទសម្ភាសន៍ចំនួន85.8%ជឿជាក់ថា ទីផ្សារដ៏ធំធេងរបស់ប្រទេសចិនគឺជាឱកាសអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់សហគ្រាសអង់គ្លេស។ អ្នកផ្តល់បទសម្ភាសន៍ចំនួន68.2%សម្គាល់ឃើញថា ការខ្វែងគំនិតរវាងចិននិងអង់គ្លេសអាចត្រូវបានដោះស្រាយតាមរយៈកិច្ចសន្ទនាដែលប្រកបដោយវិចារណញ្ញាណ ក្រោមគោលការណ៍គោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាក់ស្តែង។
ការស្ទង់មតិលើកនេះធ្វើឡើងតាមរយៈវេទិកា៥ភាសារបស់បណ្តាញCGTNរួមមានភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ី ក្នុងរយៈពេល២៤ម៉ោង ក៏មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតចំនួន៩០៨៦នាក់បានចូលរួមការបោះឆ្នោត ព្រមទាំងបញ្ចេញមតិផងដែរ ៕

