នៅចុងសតវត្សទី១២ (១១៥០ – ១១៦០) ព្រះបាទធរណីន្ទ្រវរ្ម័នទី២ ដែលជាព្រះបិតាព្រះបាទជ័យវរ្ម័នទី៧ បានសាងសង់ប្រាសាទបាលិលេយ្យ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា (និកាយហីនយាន)។ ប្រាសាទនេះមានតួប៉មមួយសង់នៅលើខឿនបីជាន់ និងមានជណ្តើរឡើងនៅគ្រប់ទិសទាំងបួន ហើយមានកំពែងព័ទ្ធជុំវិញ។ នៅតាមហោជាង និងផ្តែរទ្វារសុទ្ធតែមានចម្លាក់ទាក់ទងនឹងព្រះពុទ្ធសាសនា។ នៅទ្វារខាងកើត គឺមានចម្លាក់ព្រះពុទ្ធចូលនិពា្វន ចំណែកនៅទ្វារខាងត្បូងមានចម្លាក់ព្រះពុទ្ធសមាធិ។ រីឯនៅទ្វារខាងជើង មានចម្លាក់ព្រះពុទ្ធឈរច្រត់ដៃលើសត្វដំរីមួយ។ ក្រៅពីនេះ ប្រាសាទព្រះបាលិលេយ្យមានព្រះពន្លាមួយសាងពីថ្មភក់លម្អដោយបង្កាន់ដៃនាគក្បាលប្រាំ និងចម្លាក់តោបែរទៅទិសខាងកើត។ នៅចុងព្រះពន្លា មានបដិមាព្រះពុទ្ធធំមួយគង់ក្នុងទម្រង់យកព្រះធរណីជាសាក្សី។ ប្រាសាទនេះមានទីតាំងស្ថិតនៅខាងជើងប្រាសាទភិមានអាកាស និងនៅខាងក្រោយប្រាសាទទេពប្រណម្យ ហើយមានចំងាយប្រមាណ ១,៥ គីឡូម៉ែត្រ ពីប្រាសាទបាយ័នក្នុងអតីតក្រុងអង្គរធំ (យសោធរបុរ)៕







