សម្ព័ន្ធមិត្តសំខាន់ៗ ប្រកាសមិនឲ្យអាមេរិក ប្រើដែនអាកាស និងដែនទឹកដើម្បីវាយប្រហារអ៊ីរ៉ង់

ស្របពេលដែលអាមេរិកបានបញ្ជូនកងនាវាចម្បាំងចូលកាន់តែកៀកនឹងប្រទេសអ៊ីរ៉ង់នោះ សម្ព័ន្ធមិត្តអាមេរិកនៅឈូងសមុទ្រដែលនៅជិតអ៊ីរ៉ង់បំផុត គឺអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម បានប្រកាសជាសាធារណៈថា ពួកគេនឹងមិនអនុញ្ញាតឱ្យអាមេរិកប្រើទឹកដី ឬដែនអាកាសរបស់ពួកគេប្រើប្រាស់សម្រាប់សកម្មភាពយោធាណាមួយប្រឆាំងនឹងអ៊ីរ៉ង់ឡើយ។

ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman បានប្រាប់ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian យ៉ាងច្បាស់បែបនេះ នៅក្នុងការហៅទូរស័ព្ទមួយកាលពីថ្ងៃអង្គារដោយសង្កត់ធ្ងន់ថា ព្រះរាជាណាចក្រមួយនេះ នឹងមិនអនុញ្ញាតឱ្យដែនអាកាស ឬទឹកដីរបស់ខ្លួនប្រើប្រាស់សម្រាប់សកម្មភាពយោធាណាមួយប្រឆាំងនឹងអ៊ីរ៉ង់នោះទេ។ ការប្រកាសបែបនេះបានធ្វើឡើងបន្ទាប់ពីការប្រកាសស្រដៀងគ្នានេះកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះរបស់អារ៉ាប់រួម ដែលបានបញ្ជាក់ថាខ្លួននឹងមិនផ្តល់ការគាំទ្រផ្នែកភស្តុភារ ឬបម្រើជាមូលដ្ឋានសម្រាប់ សកម្មភាពយោធាអរិភាព ប្រឆាំងនឹងទីក្រុងតេអេរ៉ង់នោះទ្បើយ។ 

ការបដិសេធទាំងនេះធ្វើឱ្យផែនការយោធារបស់សហរដ្ឋអាមេរិកមានភាពស្មុគស្មាញ ដោយសារប្រទេសទាំងពីរមានទ្រព្យសម្បត្តិយោធាអាមេរិកយ៉ាងច្រើន ខណដែល អារ៉ាប៊ីសាអូឌីតតែមួយមានកងទ័ពអាមេរិកជាង ២,៣០០ នាក់ឈរជើង និងមានភាពជាដៃគូសន្តិសុខយូរអង្វែងជាមួយទីក្រុងវ៉ាស៊ីនតោន។ អារ៉ាប់រួមមានបុគ្គលិកយោធាអាមេរិកប្រហែល ៥,០០០ នាក់នៅមូលដ្ឋានទ័ពអាកាស Al Dhafra នៅខាងក្រៅទីក្រុង Abu Dhabi។

អ្នកវិភាគបានធ្វើការបកស្រាយការប្រកាសបដិសេដរបស់បណ្តាប្រទេសទាំងនេះ ដោយលើកទ្បើងថា វាជាការប៉ុនប៉ងដើម្បីជៀសវាងការជាប់ពាក់ព័ន្ធនឹងសង្គ្រាមកាន់តែទូលំទូលាយ និងដើម្បីការពារការសងសឹករបស់អ៊ីរ៉ង់ងដែរ។ អ្នកជំនាញយោធាដែលដកស្រង់មតិដោយសារព័ត៌មានWSJ បានកត់សម្គាល់ថា ខណៈពេលដែលការសម្រេចចិត្តរបស់អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម វាបានបង្កើនភាពស្មុគស្មាញនៃប្រតិបត្តិការ និងការចំណាយខ្ពស់បន្ថែមទៀតសម្រាប់សកម្មភាពរបស់សហរដ្ឋអាមេរិក។

ប្រធានាធិបតី ដូណាល់ ត្រាំ ថ្មីៗនេះបានពង្រឹងវត្តមានយោធាអាមេរិកនៅមជ្ឈិមបូព៌ា ដោយដាក់ពង្រាយក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ USS Abraham Lincoln និងកងអនុសេនាធំចម្បាំងបន្ថែម និងប្រព័ន្ធការពារមីស៊ីលទៅកាន់តំបន់នោះ។ នាវាពិឃាតមីស៊ីល Arleigh Burke មួយទៀតនៃ USS Delbert D. Black ត្រូវបានគេរាយការណ៍ថាបានចូលរួមជាមួយកម្លាំងខាងលើនៅថ្ងៃពុធ ម្សិលមិញដែលនាំឱ្យចំនួននាវាចម្បាំងនៅក្នុងតំបន់ទទួលខុសត្រូវ CENTCOM កើនឡើងដល់យ៉ាងហោចណាស់ដប់គ្រឿងហើយ ដែលអាមេរិកត្រៀមវាយលុកអ៊ីរ៉ង់។

លោក Trump បាននិយាយថាការដាក់ពង្រាយ “កងនាវាដ៏ស្រស់ស្អាត” គឺជាការបង្ហាញពីកម្លាំងដែលមានបំណងដាក់សម្ពាធលើអ៊ីរ៉ង់លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងការបង្ក្រាបដោយហិង្សារបស់ខ្លួនលើការតវ៉ាក្នុងស្រុក ខណៈពេលដែលអាមេរិកក៊បានទុកទ្វារដោយបើកចំហសម្រាប់សកម្មភាពការទូតផងដែរ។

កាលពីដើមសប្តាហ៍នេះ សហរដ្ឋអាមេរិកបានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំរយៈពេលច្រើនថ្ងៃនៅទូទាំងមជ្ឈិមបូព៌ា។ ប្រតិបត្តិការនេះត្រូវបានគេរាយការណ៍ថាមានគោលបំណងផ្ទៀងផ្ទាត់នីតិវិធីសម្រាប់ការចល័តកងទ័ពពិសេស និងយន្តហោះចម្បាំងទៅកាន់ “ទីតាំងអាសន្ន” ផ្សេងៗ និងការធ្វើសមាហរណកម្មបញ្ជាការជាមួយនឹងប្រទេសដៃគូ ដែលមិនបញ្ចេញឈ្មោះ។

ចំណែកអ៊ីរ៉ង់ក៏ធ្លាប់បានព្រមានម្តងហើយម្តងទៀតថា ប្រទេសណាមួយដែលសម្របសម្រួល ឬជួយសម្រាប់ការវាយប្រហារបស់អាមេរិកនឹងត្រូវបានចាត់ទុកថា ជាប្រទេមានអរិភាពជាមួយអ៊ីរ៉ង់។  អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi ​បានបញ្ជាក់ជាថ្មីនៅថ្ងៃពុធម្សិលមិញនេះថា ទីក្រុងតេអេរ៉ង់ «ត្រៀមខ្លួនរួចជាស្រេច រហូតដល់ ២០០ ភាគរយដើម្បីការពារខ្លួន» ហើយនឹងផ្តល់ការឆ្លើយតប «សមស្រប មិនមែនសមាមាត្រ» ដែលទំនងជាសំដៅលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់៕ 

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment