ទំហំប្រាក់កម្ចីក្នុងប្រព័ន្ធធនាគារកើន ៤% ដល់ ៦៣ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៥

ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២៥ វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានផ្ដល់ឥណទានឱ្យទៅអតិថិជនមានទំហំប្រមាណ ៦៣ពាន់លានដុល្លារ កើនឡើង ៤ភាគរយ ធៀបនឹងឆ្នាំ ២០២៤ ឆ្លុះបញ្ចាំងពីភាពធន់ក្នុងចំណោមភាពមិនប្រាកដប្រជាសកល និងបញ្ហាប្រឈមក្នុងស្រុក។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិ នៃកម្ពុជា (NBC)។

របាយការណ៍របស់ NBC បង្ហាញថា គិតត្រឹមឆ្នាំ ២០២៥ ឥណទានអតិថិជនបានកើនឡើង ៤ ភាគរយ ដល់ ៦៣ ពាន់លានដុល្លារ ខណៈប្រាក់បញ្ញើកើន ១៤,៧ ភាគរយ ដល់ ៦៥,៧ ពាន់លានដុល្លារ ហើយដើមទុនបានកើន ២,៨ ភាគរយ ដែលមានទំហំ ១០,៤ ពាន់លានដុល្លារ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា មានប្រសាសន៍ថា ភាពធន់ និងរឹងមាំរបស់ធនាគារដោយសារស្ថានភាពរឹងមាំនៃដើមទុន និងលទ្ធភាពខ្ពស់ក្នុងការបញ្ចេញសាច់ប្រាក់ ដោយឆ្នាំ២០២៥ ឥណទានដែលផ្តល់ដោយប្រព័ន្ធធនាគារបន្តកើនឡើងសន្សឹមៗ ក្នុងអត្រា ៤.១ ភាគរយ ខ្ពស់ជាងឆ្នាំ ២០២៤ ដែលរួមចំណែកគាំទ្រដោយកំណើនតម្រូវការទុនរបស់ SMEs ក្នុងការពង្រីកអាជីវកម្ម។ ចំណែកប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារបានបន្តកើនឡើងល្អប្រសើរ ជាមួយនឹងអត្រាកំណើន ១៤.៧ ភាគរយ។

លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជាកាលពីចុងសប្តាហ៍កន្លងទៅ។

លោកជំទាវបណ្ឌិត ជា សិរី បន្ថែមថា ប្រព័ន្ធធនាគារនៅកម្ពុជានៅតែមានភាពធន់ និងរឹងមាំព្រមទាំងបន្តទទួលបានជំនឿទុកចិត្តពីសាធារណៈជនទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែមិនប្រាកដប្រជា។

សេដ្ឋកិច្ចកម្ពុជាត្រូវបានគេព្យាករថា នឹងកើនឡើងប្រមាណ ៥ ភាគរយ និងអតិផរណាដល់ ២,៣ ភាគរយនៅឆ្នាំ ២០២៦ ដែលឆ្លុះបញ្ចាំងពីភាពធន់ក្នុងចំណោមភាពមិនប្រាកដប្រជាសកល និងបញ្ហាប្រឈមក្នុងស្រុកដែលកំពុងបន្ត។

លោកជំទាវបណ្ឌិតបានបន្ថែមថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែមិនប្រាកដប្រជា ដោយសារតែភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកំពុងបន្តកើតមាន ស្ថានភាពហិរញ្ញវត្ថុតឹងរ៉ឹង និងអត្រាកំណើនសេដ្ឋកិច្ចខុសៗគ្នានៅទូទាំងប្រទេស ដែលបន្តដាក់សម្ពាធយ៉ាងខ្លាំងទៅលើពាណិជ្ជកម្ម លំហូរវិនិយោគ និងទីផ្សារហិរញ្ញវត្ថុ។

លោកជំទាវបណ្ឌិតបានបញ្ជាក់ថា សម្ពាធទាំងនេះប៉ះពាល់ដល់សេដ្ឋកិច្ចអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ដែលជាបញ្ហាប្រឈមសម្រាប់អ្នកធ្វើគោលនយោបាយ និងអ្នកវិនិយោគ ខណៈដែលបានបញ្ជាក់ពីតម្រូវការសម្រាប់ប្រទេសនានាក្នុងការសម្របខ្លួនយ៉ាងឆាប់រហ័សទៅនឹងស្ថានភាពពិភពលោកដែលកំពុងផ្លាស់ប្តូរ ដើម្បីរក្សាស្ថិរភាព។

លោកជំទាវបណ្ឌិតបានសង្កត់ធ្ងន់ថា ការងើបឡើងវិញនៃពិភពលោកកំពុងរងការគំរាមកំហែងបន្ថែមទៀត ដោយការរីករាលដាលនៃឧក្រិដ្ឋកម្មតាមអិនធឺណិតកាន់តែខ្លាំងឡើង រួមទាំងសកម្មភាពធនាគារស្រមោល និងបទល្មើសក្លែងបន្លំតាមអ៊ីនធឺណិតដែលកំពុងកើនឡើង ដែលបានបំផ្លាញការយល់ឃើញនៃប្រព័ន្ធហិរញ្ញវត្ថុ។

លោកជំទាវបានបន្ថែមទៀតថា ធនាគារជាតិនៃកម្ពុជានឹងបន្តពង្រឹងក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិ ខណៈពេលដែលកំពុងពង្រីកកិច្ចសហប្រតិបត្តិការក្នុងស្រុក និងអន្តរជាតិ លើកកម្ពស់ការយល់ដឹង ធ្វើកម្មវិធីបណ្តុះបណ្តាល និងបង្កើនវិធានការទប់ស្កាត់ការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្មប្រកបដោយប្រសិទ្ធភាពនៅទូទាំងវិស័យហិរញ្ញវត្ថុ។

នៅឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានជួយសម្រាលបន្ទុកដល់យោធិននៅសមរភូមិ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះ ព្រំដែនកម្ពុជា-ថៃ ដោយធនាគារជាតិនៃកម្ពុជាបានណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ និងផ្តល់ការអនុគ្រោះផ្សេងៗ។ ក្នុងនោះធនាគារជាតិនៃកម្ពុជា បានលុបចោលឥណទានរហូតដល់ ៨០លានរៀលសម្រាប់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី។

លុបចោលឥណទានរហូតដល់ ១០ លានរៀល សម្រាប់អតិថិជនជាយោធិនពិការក្នុងសមរភូមិ ព្រមទាំងមានការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជនទូទៅជនភៀសសឹក ពលករត្រលប់មកពីប្រទេសថៃ និងយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ ក្នុងសមរភូមិប្រយុទ្ធលើកលែងកម្រៃ ការផាកពិន័យ ការប្រាក់ ពន្យារពេលទូទាត់សងប្រាក់ដើម រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ សម្រាប់អតិថិជនជាយោធិនធ្វើប្រតិបត្តិការផ្ទាល់។

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានបន្តរៀបចំឥណទានឡើងវិញជូនដល់អតិថិជន ដែលបច្ចុប្បន្នមានចំនួន៥.៣ ប៊ីលានដុល្លារអាមេរិក ស្មើនឹង៨.៣% នៃឥណទានសរុប សម្រាប់គណនីចំនួន ២៤៥.១ ពាន់៕

Written by 

Related posts

Leave a Comment