អាជ្ញាធរឥណ្ឌូនេស៊ី បានបញ្ជាក់ពីចំនួនសរុបនៃជនរងគ្រោះ នៅក្នុងគ្រោះបាក់ដី កាលពីសប្ដាហ៍មុន រហូតដល់ ៩០នាក់។

អ្នកស្លាប់ចំនួន ១៧ នាក់ ត្រូវបានកត់ត្រា នៅថ្ងៃចន្ទនេះ និង ៧៣នាក់ បាត់ខ្លួន ខណៈដែលប្រតិបត្តិការជួយសង្គ្រោះ ឈានចូលដល់ថ្ងៃទី ៣ ។
ការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនេះ បានកើតឡើងក្នុងភូមិមួយនៅតំបន់បានឌុង (Bandung) ខាងលិចនៃកោះជ្វា កាលពីព្រឹកថ្ងៃសៅរ៍ ដោយវាយប្រហារលើលំនៅដ្ឋានជាច្រើន និងបង្ខំឱ្យមនុស្សរាប់សិបនាក់ជម្លៀសចេញ។
យោងតាម លោក Abdul Muhari អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ មិនបានបញ្ជាក់ពីចំនួនអ្នកបាត់ខ្លួនបន្ថែមដែលកត់ត្រា ៧៣ នាក់ កាលពីថ្ងៃសៅរ៍ ទៀតនោះទេ។

ទន្ទឹមនោះ លោក Yudhi Bramantyo នាយកប្រតិបត្តិការទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះជាតិ បាននិយាយថា អ្នកជួយសង្គ្រោះរាប់ពាន់នាក់ ត្រូវបានដាក់ពង្រាយក្នុងប្រតិបត្តិការ នៅថ្ងៃចន្ទនេះ ដោយជីកកកាយដោយដៃ និងឧបករណ៍ធុនធ្ងន់។
គួរបញ្ជាក់ថា គ្រោះមហន្តរាយនេះ បានកើតឡើងបន្ទាប់ពីទឹកជំនន់ និងការរអិលបាក់ដីដ៏សាហាវ បានវាយប្រហារផ្នែកខ្លះនៃកោះស៊ូម៉ាត្រា កាលពីចុងឆ្នាំមុន ដែលសម្លាប់មនុស្សប្រហែល ១,២០០ នាក់៕

ដោយ៖ ពេជ្រ
