តំបន់ភាគខាងត្បូងនៃប្រទេសលីបង់ រងការវាយប្រហារយ៉ាងខ្លាំងពីសំណាក់យន្តហោះចម្បាំងរបស់កងទ័ពអាកាសអ៊ីស្រាអែល ដែលវាយប្រហារយ៉ាងហោចណាស់ ២៣ដង សំដៅគោលដៅលើដី នេះបើយោងតាមគេហទំព័រព័ត៌មាន Naharnet។

ទន្ទឹមនោះ ការវាយប្រហារតាមអាកាសនេះ ត្រូវបានគេរាយការណ៍ថា ធ្វើឡើងនៅលើតំបន់ភ្នំ Jabbur និងជ្រលងភ្នំ Wadi Barguz ជាកន្លែងពួកសកម្មប្រយុទ្ធនៃកងជីវពល Shiite Hezbollah ប៉ុនប៉ងស្តារហេដ្ឋារចនាសម្ព័ន្ធយោធាឡើងវិញ។
របាយការណ៍អំពីការវាយប្រហារតាមអាកាស ក៏ត្រូវបានកត់ត្រាក្នុងទីក្រុង Meidoun ដែលមានទីតាំងនៅតំបន់ Western Beqaa។ ព័ត៌មានលម្អិតអំពីទំហំនៃការខូចខាតពីការវាយប្រហារតាមអាកាសមិនទាន់ដឹងនៅឡើយ។
អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Avichay Adraee បាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា រលកថ្មីនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើប្រទេសលីបង់ផ្តោតលើកន្លែងក្រោមដីដែលប្រើសម្រាប់ផលិត និងរក្សាទុកអាវុធ។ យោងតាមលោក បញ្ជាក់ថាសកម្មភាពរបស់ Hezbollah រំលោភលើកិច្ចព្រមព្រៀងឈប់បាញ់រវាងលីបង់ និងអ៊ីស្រាអែល៕


ដោយ៖ ពេជ្រ
