បទល្មើសព្រៃឈើ៖ អាជ្ញាធរក្រុងខេមរភូមិន្ទ ឃាត់ខ្លួនមនុស្ស២នាក់ 

មនុស្ស ២នាក់ ត្រូវបានអាជ្ញាធរក្រុងខេមរភូមិន្ទ  ខេត្តកោះកុង ឃាត់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។ អាជ្ញាធរក៏បានដកហូតភស្តុតាងរួមមាន ឈើប្រណិត១រថយន្តផងដែរ ខណៈដែលពួកគេដឹកជញ្ជូនលើកំណាត់ផ្លូវជាតិលេខ១០ ខេត្តកោះកុង។

ជនសង្ស័យទាំង ២នាក់ ត្រូវបាន ឃាត់ខ្លួនភ្លាមៗក្រោយរកឃើញថា បានដឹកជញ្ជូនឈើប្រណិតខុសច្បាប់១រថយន្ត កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១០:១០នាទី ត្រង់ចំណុចប៉ុស្តិ៍គោលដៅត្រួតពិនិត្យលំហូរជនបរទេស ក្នុងសង្កាត់ស្មាច់មានជ័យ។

លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ ក៏បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះដែរថា ជនសង្ស័យទី១/ ឈ្មោះ អ៊ុល សុធី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់ឡាន ទីលំនៅបច្ចុប្បន្នភូមិអន្លង់ហាប់។ ទី២/ឈ្មោះ ថា សីហា ភេទប្រុស អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរព្រូឡាន ទីលំនៅបច្ចុប្បន្នភូមិស្ពា។ ជនសង្ស័យទាំង២រូប រស់នៅឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

លោកបញ្ជាក់ថា ជនសង្ស័យទាំង២នាក់នេះ បានដឹកជញ្ជូនឈើប្រណិតពីទិសដៅចេញពីខេត្តពោធិ៍សាត់ទៅភ្នំពេញ តាមរយៈរថយន្ត១គ្រឿងម៉ាកសាំងយ៉ុង ស្លាកលេខភ្នំពេញ2A-1814 ក្នុងរថយន្តមានឈើកន្លះឡាន។ ប៉ុន្តែលោកមិនដឹងថា ឈើប្រណិតទាំងនោះជាប្រភេទឈើអ្វីខ្លះ ហើយប៉ុន្មានម៉ែត្រគូបនោះទេ គឺរង់ចាំក្រុមមន្រ្តីរដ្ឋបាលព្រៃឈើ និងបរិស្ថានខេត្ត ចុះពិនិត្យវាស់វែងរួមគ្នាសិន។ ចំណែកជនសង្ស័យទាំង ២ នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

Written by 

Related posts

Leave a Comment