អតីតខ្សែប្រយុទ្ធជំនាញជើងឆ្វេងរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាការ បានបង្ហាញក្ដីរីករាយនិង លាយអារម្មណ៍រំភើបយ៉ាងខ្លាំងដែលអាចត្រលប់មកលេងបាល់ទាត់សារជាថ្មីម្ដងទៀតជាមួយកីឡាដែលខ្ញុំស្រលាញ់ ក្រោយអវវត្តមានពីទីលានជាង ១ ឆ្នាំ ដោយសាររបួសសរសៃជង្គង់ ACL។
ជាការពិតណាស់កាលពីម្សិលមិញ កីឡាករ ចាន់ វឌ្ឍនាការ បានបង្ហាញជាលើកដំបូងក្នុងការប្រកួតផ្លូវការឲ្យក្លិបបាល់ទាត់បឹងកេត យកឈ្នះឡាយអិនឃីង ខេត្តសៀមរាប ក្នុងលទ្ធផល ៩-០ ក្នុងថ្ងៃបើកឆាកវគ្គ ១៦ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជើងទី ១ ថ្នាក់ជាតិ ដោយក្នុងនោះចាន់ វឌ្ឍនាការ ក៏បានរកបានគ្រាប់បាល់មួយផងដែរនៅនាទីទី៧៤ ដោយបាល់១១ម៉ែត្រ។
យ៉ាងណាមិញ ក្រោយបានបង្ហាញជាថ្មី កីឡាករ ចាន់ វឌ្ឍនាការ បាននិយាយថា ៖ «ខ្ញុំពិតជារីករាយ និង លាយអារម្មណ៍រំភើបយ៉ាងខ្លាំងដែលអាចត្រលប់មកលេងបាល់ទាត់សារជាថ្មីម្ដងទៀតជាមួយកីឡាដែលខ្ញុំស្រលាញ់ពីក្មេងមក ពេលវេលាដែលចាប់ផ្ដើមពិតប្រាកដណាស់វានឹងលំបាក តែខ្ញុំបានទទួលសារលើកចិត្តជាច្រើនដែលជាហេតុជំរុញអោយខ្ញុំកាន់តែមិនបោះបង់ និង កាន់តែខិតខំបន្ថែមទៀត អរគុណគ្រប់គ្នាសម្រាប់ការលើកទឹកចិត្តគាំទ្រកន្លងមក»៕

