នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកកឋិននៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ លោក គៀត ស៊ីម៉ាក់ ដែលទាហានថៃទើបដោះលែងកាលពីថ្មីៗនេះ បាននឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព-កម្ពុជាជប៉ុន។
សូមជម្រាបថា លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ បានរងរបួសនៅលើសមរភូមិ ហើយត្រូវទាហានថៃចាប់ខ្លួនកាលកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ហើយត្រូវបានបញ្ជូនមកវិញនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។
នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ម្សិលមិញ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានចុះទៅសួរសុខទុក្ខ និងបាននាំយកអំណោយរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិទៅជូនលោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ នៅមន្ទីរពេទ្យ។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ក៏បានពាំនាំការសួរសុខទុក្ខពីនាយឧត្តមសេនីយ៍ ស ថេត ចំពោះលោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ ហើយបានលើកទឹកចិត្ត និងជូនពរឆាប់ជាឱ្យមានសុខភាពល្អមាំទាំឡើងវិញ ខណដែលថ្នាក់ដឹកនាំតែងតែគិតគូរពីសុខទុក្ខ និងយកចិត្តទុក្ខដាក់ខ្ពស់ដល់គ្រប់កងកម្លាំងទាំងអស់ ហើយប្ដេជ្ញាមិនបោះបង់កងកម្លាំងណាមួយនោះទ្បើយ៕




