ត្រាំ កំពុងចាំចម្លើយ ពូទីន ក្រោយអញ្ជើញឱ្យចូលរួមក្រុមប្រឹក្សាសន្តិភាព នៅហ្គាហ្សា 

វិមានក្រឹមឡាំង បានឱ្យដឹង កាលពីថ្ងៃចន្ទថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ឱ្យចូលរួម «ក្រុមប្រឹក្សាសន្តិភាព» របស់លោក ដើម្បីត្រួតពិនិត្យជំហានបន្ទាប់នៅក្នុងតំបន់ហ្គាហ្សា។

អ្នកនាំពាក្យរបស់លោក ពូទីន គឺលោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយថា ជាការពិតណាស់ លោកប្រធានាធិបតី ពូទីន ត្រូវបានអញ្ជើញឱ្យចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពនេះ។ យើងកំពុងសិក្សាព័ត៌មានលម្អិតទាំងអស់នៃសំណើនេះ។

លោក បានបន្ថែមថា យើងសង្ឃឹមថានឹងមានទំនាក់ទំនងជាមួយភាគីអាមេរិក ដើម្បីឱ្យយើង អាចបញ្ជាក់ព័ត៌មានលម្អិតទាំងអស់នៃសំណើ។

លោក ត្រាំ បានប្រកាសពីការបង្កើតក្រុមប្រឹក្សាភិបាលនេះ ដែលលោកថាជា «ក្រុមប្រឹក្សាភិបាលដ៏អស្ចារ្យបំផុត និងមានកិត្យានុភាពបំផុតដែលមិនធ្លាប់មានពីមុនមក» កាលពីថ្ងៃសុក្រ ដែលជាផ្នែកសំខាន់មួយនៃផែនការ ២០ ចំណុចរបស់លោក ដើម្បីបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាស។

 គណៈកម្មាធិការនេះ ដែលដឹកនាំដោយលោក ត្រាំ នេះ នឹងត្រួតពិនិត្យអភិបាលកិច្ចអន្តរកាលនៅតំបន់ហ្គាហ្សា។

សំណើនៃក្រុមប្រឹក្សាសន្តិភាពនេះ បានដាក់ជូនទៅកាន់ប្រទេសនានារួមមាន អាហ្សង់ទីន អេហ្ស៊ីប អាល់បានី ឥណ្ឌា និងតួកគីជាដើម។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ក៏បានទទួលការអញ្ជើញផងដែរ ដូចគ្នានឹងនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney និងនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment