EU ត្រៀមយកពន្ធ ៩៣ ពាន់លានអឺរ៉ូ ពីអាមេរិក ជុំវិញបញ្ហា Greenland  

សហភាពអឺរ៉ុប (EU) បានព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតប្រឆាំងនឹងសហរដ្ឋអាមេរិក រួមទាំងពន្ធគយចំនួន ៩៣ ពាន់លានអឺរ៉ូ ដើម្បីរារាំងលោកប្រធានាធិបតីអាមេរិក Donald Trump ពីការប៉ុនប៉ងដណ្តើមយកកោះ Greenland ។

យោងតាមកាសែត Politico រាយការណ៍ថា តំណាងនៃរដ្ឋជាសមាជិកចំនួន ២៧ បានរៀបចំកិច្ចប្រជុំបន្ទាន់រយៈពេល ៣ ម៉ោង នៅទីក្រុងព្រុចសែល កាលពីថ្ងៃអាទិត្យ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការត្រៀមខ្លួនជាស្រេចនូវជម្រើសជាក់ស្តែងដើម្បីប្រយុទ្ធប្រឆាំងនឹងលោក Trump ក្នុងករណីដែលការចរចាជាមួយទីក្រុងវ៉ាស៊ីនតោនក្នុងរយៈពេលមួយសប្តាហ៍ខាងមុខមិននាំឱ្យមានដំណោះស្រាយរហ័សពាក់ព័ន្ធនឹង Greenland ។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa ក៏មានបំណងកោះប្រជុំកំពូលសហភាពអឺរ៉ុប នៅសប្តាហ៍នេះផងដែរ។

យោងតាមអ្នកការទូតអឺរ៉ុបម្នាក់ ដែលដឹងពីការចរចា បញ្ជាក់ថា ពន្ធគយសងសឹកដែលមានតម្លៃ ៩៣ ពាន់លានដុល្លារអាចត្រូវបានអនុម័តយ៉ាងឆាប់រហ័ស បើប្រៀបធៀបទៅនឹងជម្រើសផ្សេងទៀតដែលកំពុងពិភាក្សា។ ជម្រើសមួយទៀតគឺការប្រើប្រាស់ “trade bazooka” ឬឧបករណ៍ប្រឆាំងការបង្ខិតបង្ខំរបស់សហភាពអឺរ៉ុប។

លោក Trump បានប្រកាសនៅលើ Truth Social ថា សហរដ្ឋអាមេរិក នឹងចាប់ផ្តើមដាក់ពន្ធ ១០ ភាគរយ លើចក្រភពអង់គ្លេស អាល្លឺម៉ង់ ដាណឺម៉ាក ហូឡង់ ន័រវេស ហ្វាំងឡង់ បារាំង និងស៊ុយអែត។ ពន្ធទាំងនេះនឹងនៅតែមានសុពលភាពរហូតដល់ភាគីឈានដល់កិច្ចព្រមព្រៀងលើ “ការទិញយក Greenland ទាំងស្រុង” របស់ទីក្រុងវ៉ាស៊ីនតោន។

 យោងតាមលោក Trump ការសម្រេចចិត្តនេះនឹងចូលជាធរមាននៅថ្ងៃទី ១ ខែកុម្ភៈ។ មេដឹកនាំអាមេរិក បញ្ជាក់ថា អត្រាពន្ធនឹងកើនឡើងដល់ ២៥ ភាគរយ នៅថ្ងៃទី ១ ខែមិថុនា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment