សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញសេចក្តីបំភ្លឺចំពោះមតិយោបល់ដែលជាការបង្ហាញនូវក្តីបារម្ភចំពោះអនាគតកីទ្បាប្រដាល់គុណខ្មែរ។ ចំពោះមតិយោបល់ទាំងនោះ សហព័ន្ធក៏បានសម្តែងនូវការអរគុណផងដែរ ខណដែលមតិទាំងអស់នោះបានបង្ហាញពីការយកចិត្តទុកដាក់របស់សាធារណជនចំពោះអនាគតកីឡាគុនខ្មែរ ជាពិសេសការអភិវឌ្ឍយុវជនយុវនារីថ្នាល។
សេចក្តីបំភ្លឺបានលើកទ្បើងថា ការអនុវត្តគោលការណ៍តម្រូវឲ្យកីឡាករកីឡាការិនីថ្នាលក្រោមអាយុ ១៦ ឆ្នាំ ពាក់ឧបករណ៍ការពារក្បាល និងកែង មិនមែនជាការបំប្លែង ឬបំផ្លាញអត្តសញ្ញាណគុនខ្មែរ នោះឡើយ ប៉ុន្តែជាវិធានការសុវត្ថិភាពស្របតាមស្តង់ដារអន្តរជាតិ និងគោលការណ៍អភិវឌ្ឍកីឡារយៈពេលវែង (Long-Term Athlete Development)។ ហើយគោលការណ៍នេះបានអនុវត្តយ៉ាងទូលំទូលាយចំពោះរាល់កីឡាប្រយុទ្ធនៅទូទាំងសកល ដោយឈរលើស្មារតីនៃចលនាកីឡាអូឡាំពិក។
យុវជន និងយុវនារីនៅវ័យកុមារភាព និងវ័យកំពុងលូតលាស់ ត្រូវការការការពារពិសេស ដើម្បីជៀសវាងរបួសធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់សុខភាព អនាគតអាជីព និងជីវិតរយៈពេលវែងរបស់ពួកគេ។ ការពាក់ឧបករណ៍ការពារ គឺជាវិធីសាស្ត្រមួយ ដើម្បីអនុញ្ញាតឲ្យកីឡាករកីឡាការិនីបន្តហ្វឹកហាត់ បង្កើនបច្ចេកទេស វិន័យ និងស្មារតីកីឡា ដោយមានសុវត្ថិភាព។
សហព័ន្ធយើងខ្ញុំ បន្តគោរព និងថែរក្សាមូលដ្ឋានគ្រឹះ វប្បធម៌ និងស្មារតីប្រដាល់គុនខ្មែរ ដោយបែងចែកការប្រកួតតាមកម្រិតអាយុ និងសមត្ថភាព។ នៅពេលកីឡាករឈានដល់វ័យ និងកម្រិតសមស្រប ការប្រកួតតាមរបៀបអាជីពពេញលេញ នឹងត្រូវអនុវត្តដូចប្រពៃណីទំនៀមទំលាប់កន្លងមក។
សហព័ន្ធក៏សូមអញ្ជើញបងប្អូនសាធារណជនទាំងអស់ ចូលរួមផ្តល់យោបល់ដោយស្ថាបនា និងយល់ឃើញជាអ្នកគាំទ្រ ដើម្បីរួមគ្នាអភិវឌ្ឍគុនខ្មែរ ឲ្យរីកចម្រើនប្រកបដោយសុវត្ថិភាព ចីរភាព និងកិត្យានុភាពលើឆាកជាតិ និងអន្តរជាតិ៕

