លោកស្រី Delcy Rodriguez ប្រធានាធិបតីស្ដីទី បាននិយាយថា ប្រទេសវេណេស៊ុយអេឡា ដែលជាប្រទេសអធិបតេយ្យ និងឯករាជ្យ នឹងត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល និងប្រជាជនរបស់ខ្លួន។

លោកស្រី បានប្រាប់ទូរទស្សន៍ Venezolana de Television ថា រដ្ឋាភិបាលវេណេស៊ុយអេឡា គ្រប់គ្រងប្រទេសរួមគ្នាជាមួយប្រជាជន ដោយបន្ថែមថា ប្រទេសនេះបានតែងតាំងប្រធានាធិបតីបណ្ដោះអាសន្ន ខណៈពេលដែលប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ កំពុងត្រូវបានសហរដ្ឋអាមេរិកចាប់ជាចំណាប់ខ្មាំង។
លោកស្រី បានសង្កត់ធ្ងន់ថា យើងសូមបញ្ជាក់ជាថ្មីអំពីអធិបតេយ្យភាព និងឯករាជ្យភាព រួមទាំងការពារសិទ្ធិរបស់ប្រទេសវេណេស៊ុយអេឡាក្នុងទំនាក់ទំនងអន្តរជាតិ។
នៅថ្ងៃទី ៣ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីប្រតិបត្តិការយោធាមួយនៅទីក្រុងការ៉ាកាស ដែលឈានដល់ការចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងភរិយាឈ្មោះ ស៊ីលៀ ហ្វ្លរេស។ នៅថ្ងៃទី ៥ ខែមករា អ្នកទាំង ២ បានបង្ហាញខ្លួននៅចំពោះមុខតុលាការសហព័ន្ធអាមេរិកសម្រាប់ស្រុកភាគខាងត្បូងនៃទីក្រុងញូវយ៉ក ដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។
អនុប្រធានាធិបតីលោកស្រី Delcy Rodriguez បានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្នរបស់ប្រទេសវេណេស៊ុយអេឡា នៅថ្ងៃទី ៦ ខែមករា។ ទន្ទឹមនឹងនេះ លោក ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងគ្រប់គ្រងប្រទេសវេណេស៊ុយអេឡាជាបណ្ដោះអាសន្ន។ លើសពីនេះ មេដឹកនាំអាមេរិក ក៏បានសម្តែងទំនុកចិត្តថា ទីក្រុងវ៉ាស៊ីនតោន នឹងធ្វើឱ្យទីក្រុងការ៉ាកាស ផ្តល់សំណងដល់ក្រុមហ៊ុនប្រេងអាមេរិកចំពោះការខូចខាតដែលបានកើតឡើង៕

ដោយ៖ ពេជ្រ
