បាតុកម្មទ្រង់ទ្រាយធំនៅក្នុងប្រទេសអ៊ីរ៉ង់ បានសម្លាប់មនុស្សជាង ៥០០នាក់។ នេះបើយោងតាមក្រុមសិទ្ធិមនុស្ស បានឱ្យដឹង កាលពីថ្ងៃអាទិត្យ ខណៈដែលទីក្រុងតេអេរ៉ង់ គំរាមវាយប្រហារមូលដ្ឋានយោធាអាមេរិក ប្រសិនបើលោក ដូណាល់ ត្រាំ ជួយអន្តរាគមន៍ក្រុមបាតុករ។

លោក ត្រាំ បាននិយាយ កាលពីថ្ងៃអាទិត្យថា លោក កំពុងថ្លឹងថ្លែងការឆ្លើយតប ចំពោះភាពចលាចលដែលកំពុងកើនឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងជម្រើសយោធាដែលអាចធ្វើទៅបាន ខណៈដែលការតវ៉ាទ្រង់ទ្រាយធំនៅតែបន្តរីករាលដាលពាសពេញប្រទេស។
លោក ត្រាំ បានលើកឡើងថា យើងកំពុងពិនិត្យមើលយ៉ាងម៉ត់ចត់។ យោធាកំពុងពិនិត្យមើលវា ហើយយើងកំពុងពិនិត្យមើលជម្រើសចាំបាច់មួយចំនួន។ យើងនឹងធ្វើការសម្រេចចិត្ត។

ដោយសារស្ថាប័នសាសនារបស់សាធារណរដ្ឋអ៊ីស្លាម កំពុងប្រឈមមុខនឹងបាតុកម្មដ៏ធំបំផុតចាប់តាំងពីឆ្នាំ ២០២២ លោក ត្រាំ បានគំរាមម្តងហើយម្តងទៀតថា នឹងធ្វើអន្តរាគមន៍ប្រសិនបើកម្លាំងត្រូវបានប្រើប្រាស់លើក្រុមបាតុករបន្ថែម។
យោងតាមតួលេខចុងក្រោយបំផុតពីសកម្មជននៅក្នុង និងក្រៅអ៊ីរ៉ង់ ក្រុមសិទ្ធិមនុស្ស HRANA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឱ្យដឹងថា បាតុករចំនួន ៤៩០ នាក់ និងមន្ត្រីសន្តិសុខចំនួន ៤៨ នាក់ ត្រូវបានសម្លាប់ និងមានមនុស្សជាង ១០.៦០០ នាក់ត្រូវបានចាប់ខ្លួនក្នុងរយៈពេល ២ សប្តាហ៍នៃភាពចលាចល ខណៈរថយន្តសង្គ្រោះបន្ទាន់ ១៥០ គ្រឿង រងការកម្ទេចគ្មានសល់៕


ដោយ៖ ពេជ្រ
