កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើការផ្តល់ និងទទួលហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង “សមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី៣ ដែលមានទឹកប្រាក់ ១ ៧០០ ០០០ ០០០យ៉េន

 ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង “សមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី៣ = Integrated Mine Clearance and Victim Assistance (Phase3)” ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាព CMAC  ដែលមានទឹកប្រាក់ចំនួន ១ ៧០០ ០០០ ០០០យ៉េន ស្មើនឹងប្រមាណជាង ១១លានដុល្លារអាមេរិក។ 

សូមជម្រាបជូនថា គម្រោងនេះសម្រាប់កិច្ចប្រតិបត្តិការរបស់អង្គភាព CMAC នៅក្នុងខេត្តគោលដៅចំនួន ៣ គឺខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង ព្រមទាំងមានរយៈពេលអនុវត្តគម្រោងចំនួន ២ឆ្នាំ ចាប់ពីខែមករា ២០២៦ ដល់ខែមករា ២០២៨។ នេះបើយោងតាម ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា៖ “គម្រោងនេះនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទទួលផលផ្ទាលប្រមាណជាង ២៧ ០០០គ្រួសារ និងអ្នកទទួលផលដោយប្រយោលមានចំនួនយ៉ាងច្រើនទៀតផង។ ដើម្បីសម្រេចបានគោលដៅគម្រោងនេះ អង្គភាព CMAC ត្រូវពង្រាយកម្លាំងប្រតិបត្តិការសរុបប្រមាណជាង ៣៥០នាក់។ បន្ថែមលើការងារបោសសម្អាតផ្ទៃដីចម្ការមីន គម្រោងនេះក៏មានផ្ដល់ សម្ភារបច្ចេកទេស និងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជា ម៉ាស៊ីនរាវមីន ALIS គ្រឿងចក្រកម្ទេចមីន ដ្រូន និងប្រព័ន្ធទិន្នន័យបញ្ញាសិប្បនិមិ្មត (AI) និងការអភិវឌ្ឍជនខ្នាតតូចមួយចំនួនទៀត ជូនប្រជាពលរដ្ឋជាជនរងគ្រោះដោយសារមីនផងដែរ”។

ជាមួយគ្នានេះ ឯកឧត្តមបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលបានគាំទ្រក្នុងការស្នើសុំជំនួយនេះ ជាពិសេសសូមថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែផ្តល់ការគាំទ្រលើការបោសសម្អាតមីនមនុស្សធម៌ តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណង និងសម្ភារបច្ចេកទេស ជាដើម។(ដកស្រង់ពី AKP)

Written by 

Related posts

Leave a Comment