ពិធីសំណេះសំណាល និងប្រគល់សម្ភារៈគ្រឿងឧបភោគបរិភោគ ជូនមន្ទីរអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃសាលាដែលរងផលប៉ះពាល់តាមព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ជូនមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សាលាដែលរងផលប៉ះពាល់តាមព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញសេចក្តីរីករាយដែលបានចុះជួបសំណេះសំណាលផ្ទាល់ជាមួយថ្នាក់ដឹកនាំមន្ទីរ និងបងប្អូនលោកគ្រូ អ្នកគ្រូ ក្នុងខេត្តបន្ទាយមានជ័យ និងសូមកោតសរសើរ ចំពោះសមានចិត្ត និងវីរៈភាពអង់អាចក្លាហានរបស់លោកគ្រូ អ្នកគ្រូ និងមន្ទីរអប់រំ យុវជន និងកីឡា ដែលបានតស៊ូជម្នះរាល់ឧបសគ្គ ដើម្បីបន្តបេសកកម្មអប់រំសិស្សានុសិស្សនៅតាមតំបន់ព្រំដែន ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីសាមគ្គីភាពរបស់ក្រុមគ្រួសារអប់រំទាំងអស់ ដែលបានបង្ហាញឱ្យឃើញពីធ្លុងសាមគ្គីគ្នាយ៉ាងរឹងមាំក្នុងគ្រាដ៏លំបាកនេះ។

ដើម្បីជួយសម្របសម្រួល និងសម្រាលការលំបាករបស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំនៃខេត្តបន្ទាយមានជ័យ កន្លងមកក្រសួងបានផ្ដល់គ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ចាំបាច់ និងថវិកាមួយចំនួនតាមរយៈលោកប្រធានមន្ទីរចំនួន ២ដង រួចមកហើយ ដោយនេះជាលើកទី៣ ដែលក្រសួងបានមកដល់ខេត្តបន្ទាយមានជ័យដោយផ្ទាល់ និងបានប្រគល់សម្ភារៈ និងថវិកាមួយចំនួនដល់លោកគ្រូ អ្នកគ្រូ នាយកសាលាដែលរងផលប៉ះពាល់ ប្រធានការិយាល័យស្រុក និងលោកប្រធានមន្ទីរអប់រំ ដើម្បីប្រើប្រាស់ និងបែងចែកបន្ត ជួយសម្រួលជីវភាពរបស់បុគ្គលិកអប់រំនៃខេត្តបន្ទាយមានជ័យ ដោយគូសបញ្ជាក់ថា ការជួយគាំទ្រនេះមិនមែនជាលើកចុងក្រោយឡើយ ដោយក្រសួងនឹងនៅតែបន្តជួយដល់សាលារៀនដែលរងគ្រោះ និងលោកគ្រូ អ្នកគ្រូភៀសសឹក។ ក្នុងន័យនេះ ក្រសួងបានសម្រេចបង្កើតមូលនិធិជួយគាំទ្រលោកគ្រូ អ្នកគ្រូ ដែលផ្ទះសម្បែងត្រូវបានហ៊ុមព័ទ្ធ និងខូចខាតពីការឈ្លានពានរបស់កងទ័ពថៃ ហើយនឹងបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីរួមគ្នាជាធ្លុងមួយក្នុងការជួយគាំទ្រ និងសាងសង់លំនៅឋានថ្មីជូនលោកគ្រូ អ្នកគ្រូដែលរងផលប៉ះពាល់ឱ្យមានលំនឹងជីវភាព និងភាពកក់ក្តៅឡើងវិញ ក្នុងនាមជាគ្រួសារអប់រំតែមួយ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ សប្បុរសជនទាំងអស់ដែលបានចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបន្តជួយគាំទ្រដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សភៀសសឹក និងសូមឱ្យលោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋខ្មែរ បន្តជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ព និងប្រជាជនគ្រប់រូប ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

Written by 

Related posts

Leave a Comment