ខេត្តរតនគិរី៖ ទឹកអំពៅជាភេសជ្ជៈពេញនិយមខ្លាំងកាលពីជាង១០ឆ្នាំមុន ប៉ុន្តែបច្ចុប្បន្ននេះអ្នកទទួលទានភេសជ្ជៈធម្មជាតិត្រូវបានកាត់បន្ថយបន្តិចម្ដងៗ ចាប់តាំងពីមានភេសជ្ជៈគ្រឿងកំប៉ុងកែច្នៃចម្រុះពណ៌ ចម្រុះរសជាតិជាច្រើនគ្រប់ប្រភេទ បូករួមផ្សំពីការដាំដុះកាន់តែច្រើននៅតាមបណ្ដាខេត្តនានា។

កសិករឈ្មោះ កែវ បូរ៉ា រស់នៅភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ បានរៀបរាប់ថា លោកចាប់បង្កើតប្រកបមុខរបរដាំអំពៅតាំងពីឆ្នាំ២០១៩ មកដល់ដើមឆ្នាំ២០២៦នេះ អស់រយៈពេល ៨ឆ្នាំហើយ ដាំអំពៅមានផ្ទៃដីទំហំ ៦ហិកតា ដីដែលបានដាំអំពៅនោះលោកបានជួលគេទាំងអស់ ក្នុង១ហិកតា ៧០ម៉ឺនរៀល(៦ហិកតាស្មើនិង៤លាន២០ម៉ឺនរៀល។
លោកបានបន្តថា ចាប់ផ្ដើមដាំអំពៅនៅក្នុងខែ៥ឆ្នាំ២០២៥ ហើយដល់ចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ទើបបានប្រមូលផល អំពៅដែលលោកដាំជាអំពៅពូជត្រែងក្រហម មានទឹកច្រើន និងរសជាតិដ៏ឆ្ងុយឆ្ងាញ់ពិសា កាលពីឆ្នាំកន្លងទៅ(២០២៤)តម្លៃអំពៅបោះឲ្យម៉ូយគៀប មួយបាច់ ១ម៉ឺនរៀល និងតម្លៃបោះដុំឲ្យម៉ូយ ៨ពាន់រៀលក្នុងមួយបាច់។ហើយនៅក្នុងឆ្នាំ២០២៥នេះ ទីផ្សារអំពៅនៅក្នុងឆ្នាំនេះតម្លៃមិនដូចឆ្នាំមុនៗនោះទេ! មួយបាច់លក់ឲ្យម៉ូយគៀបតម្លៃត្រឹមតែ ៧ទៅ ៨ពាន់រៀល ហើយបើលក់បោះឲ្យម៉ូយដុំបានតែ៥ពាន់រៀលតែប៉ុណ្ណោះ។

លោកថា អំពៅនៅក្នុងចម្ការមិនទាន់បានលក់អស់នៅឡើយទេ នៅក្នុងចម្ការ៦ហិកតា ដោយលោកមើលឃើញថា ណាមួយមកពីកត្តាសេដ្ឋកិច្ចរៀងធ្លាក់ចុះមិនមានអ្នកទទួលទានទិញយកទៅលក់បន្ត ដោយបច្ចុប្បន្ននេះលោកពិបាកចិត្តរឿងបញ្ហាលុយធនាគារ បង់ជាប្រចាំខែនិងជួលដីដាំដុះដំណាំអំពៅនេះផងដែរ។
លោក សែម រឿន ប្រធានការិយាល័យកេ្សត្រសាស្ត្រនិងផលិតភាព នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តរតនគិរី បានបញ្ជាក់ថា ផ្ទៃដីដាំដុះ ១៤ហិកតា ដាំរាយប៉ាយជាលក្ខណៈគ្រួសារ ទទួលបានបរមាណផល ៣០៦តោនក្នុងមួយឆ្នាំ លក់រាយចន្លោះមួយបាច់ចាប់ពី៧ពាន់រៀល ទៅដល់១ម៉ឺនរៀល៕


