នាវាដឹកប្រេង ២ គ្រឿង ដែលអះអាងថាមានជាប់ពាក់ព័ន្ធនឹងការនាំចេញប្រេងរបស់វេណេស៊ុយអេឡា ក្នុងប្រតិបត្តិការ នៅអាត្លង់ទិកខាងជើង និងតំបន់ការ៉ាប៊ីន ត្រូវបានរារាំងដោយសហរដ្ឋអាមេរិក។

កងកម្លាំងអាមេរិក ស្ទាក់ចាប់បាននាវា Marinera ដែលមានទង់ជាតិរុស្ស៊ី បន្ទាប់ពីការតាមដានអស់រយៈពេលជិត ២ សប្តាហ៍ ខណៈពេលដែលនាវាធ្វើដំណើរឆ្លងកាត់ដែនទឹករវាងអ៊ីស្លង់ និងស្កុតឡែន។
ប្រតិបត្តិការតាមចាប់នេះ កងទ័ពជើងទឹកអង់គ្លេស ក៏បានផ្តល់ការគាំទ្រផ្នែកភស្តុភារតាមផ្លូវអាកាស និងផ្លូវសមុទ្រ ផងដែរ។
នាវាដឹកប្រេងទី ២ M/T Sophia ត្រូវបានសហរដ្ឋអាមេរិក ចោទប្រកាន់ពីបទ “ធ្វើសកម្មភាពខុសច្បាប់” ដែលប្រតិបត្តិការនៅការ៉ាប៊ីន។

សកម្មភាពនេះកើតឡើង ខណៈដែលសហរដ្ឋអាមេរិក ព្យាយាមទប់ស្កាត់ការនាំចេញប្រេងឆៅភាគច្រើនរបស់វេណេស៊ុយអេឡា ដែលប្រតិបត្តិការនេះធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីកងកម្លាំងពិសេសចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolás Maduro ក្នុងការវាយឆ្មក់ដ៏ខ្លាំងក្លាមួយលើលំនៅដ្ឋានរបស់លោកនៅទីក្រុង Caracas។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth បានបង្ហោះលើ X ថា ការបិទផ្លូវនាំចេញប្រេងរបស់វេណេស៊ុយអេឡា នៅតែត្រូវបានអនុម័តគ្រប់ទីកន្លែងក្នុងពិភពលោក៕

ដោយ៖ ពេជ្រ
