ស្នូរបាញ់ប្រហារយ៉ាងខ្លាំង និងរបាយការណ៍អំពីសកម្មភាពយន្តហោះគ្មានមនុស្សបើកដ៏គួរឱ្យសង្ស័យ ត្រូវបានរាយការណ៍នៅជិតវិមានប្រធានាធិបតីរបស់ប្រទេសវេណេស៊ុយអេឡា ដោយបង្កការភ័យខ្លាចសន្តិសុខថ្មីនៅក្នុងទីក្រុងការ៉ាកាស កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ។

ឧប្បត្តិហេតុនេះ កើតឡើង ស្របពេលប្រទេសនេះ កំពុងតែស្ថិតក្នុងស្ថានភាពតានតឹង បន្ទាប់ពីប្រតិបត្តិការដឹកនាំដោយសហរដ្ឋអាមេរិក ឈានដល់ការចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ។
យោងតាមរបាយការណ៍របស់ NBC News ដោយដកស្រង់សម្តីមន្ត្រីពីររូប បាននិយាយថា សហរដ្ឋអាមេរិក កំពុងតាមដានរបាយការណ៍អំពីការបាញ់ប្រហារមួយ ដែលកើតឡើងនៅក្បែរនឹងវិមានប្រធានាធិបតី នៅក្នុងទីក្រុងការ៉ាកាស។
មន្ត្រីទាំងនោះ បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ថា រដ្ឋបាលកំពុងតាមដានយ៉ាងដិតដល់នូវរបាយការណ៍នៃការបាញ់ប្រហារចេញពីប្រទេសវេណេស៊ុយអេឡានេះ។ តែថាសហរដ្ឋអាមេរិក មិនពាក់ព័ន្ធទេ៕


ដោយ៖ ពេជ្រ
