ប៉ូលីសទួរគី ឆ្មក់ចូលចាប់ខ្លួនសមាជិកក្រុមរដ្ឋអ៊ីស្លាម ៣៥៧នាក់ ក្រោយបែកធ្លាយថារៀបចំផែនការភេរវកម្មថ្ងៃឆ្លងឆ្នាំសកល

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រាយការណ៍ថា ប៉ូលីសទួរគី បានបន្តចាប់ផ្ដើមប្រតិបត្តិការទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមនៅទូទាំងប្រទេស នៅថ្ងៃអង្គារនេះ ដោយចសប់ខ្លួនជនសង្ស័យបានចំនួន ៣៥៧ នាក់។

ការវាយឆ្មក់ទាំងនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នាដ៏សាហាវនៅក្នុងខេត្តយ៉ាឡូវ៉ាភាគពាយ័ព្យ ជាកន្លែងដែលមន្ត្រីប៉ូលីស ៣ នាក់ និងពួកសកម្មប្រយុទ្ធ IS ចំនួន ៦ នាក់ត្រូវបានសម្លាប់។ មន្ត្រី ៨ នាក់ផ្សេងទៀត និងអ្នកយាមពេលយប់ម្នាក់ បានរងរបួស នៅពេលដែលប៉ូលីស ឆ្មក់ចូលផ្ទះមួយកន្លែងដែលប្រើជាកន្លែងលាក់ខ្លួន។

អាជ្ញាធរ បាននិយាយថា ប្រទេសទួរគី ចាប់ផ្តើមប្រតិបត្តិការជាបន្តបន្ទាប់ប្រឆាំងនឹងក្រុមសង្ស័យ IS ក្នុងសប្តាហ៍មុន បន្ទាប់ពីមានរបាយការណ៍ដែលថា មេដឹកនាំក្រុមនេះ រៀបចំផែនការវាយប្រហារភេរវកម្មនៅថ្ងៃប្រារព្ធពិធីបុណ្យណូអែល និងឆ្លងឆ្នាំសកលនេះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក អាលី យ៉ឺលីកាយ៉ា បានឱ្យដឹងថា ប៉ូលីស ធ្វើការវាយឆ្មក់ក្នុងពេលដំណាលគ្នានៅក្នុងខេត្តចំនួន ២១ រួមទាំងនៅទីក្រុងអ៊ីស្តង់ប៊ុល អង់ការ៉ា និងយ៉ាឡូវ៉ា ដោយចាប់ខ្លួនមនុស្ស ៣៥៧ នាក់។ លោក មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment